រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ដើម្បីប្រារព្ធខួបលើកទី២៥ នៅវិមានឈ្នះ ឈ្នះចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ទីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ ដល់ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ។

នៅក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំពិព័រណ៍សមិទ្ធផល និងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ។

 

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖

១- នៅអំឡុងពេលប្រារព្ធពិធីនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ មិនអនុញ្ញាតឱ្យយានជំនិះ គ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិ លេខ៦ ចាប់ពីវេលាម៉ោង ០៥: ០០នាទី រហូតដល់បញ្ចប់កម្មវិធីប្រហែលវេលាម៉ោង ១១:០០នាទី។ ក្រោយពេលចប់ពិធី យានជំនិះអាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ចនៅតាមគោលដៅជួយសម្របសម្រួលចរាចរជូន។

២- ចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣តទៅ ពិធីខាងលើនឹងបើកជូនសាធារណៈជន ចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះដូច ប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២