រកឃើញហើយ រថយន្ត Hammer ដែលបានបើកបុកម៉ូតូប្រពន្ធ​ និងកូនស្លាប់ ឯប្តីរងរបួសធ្ងន់ ឥឡូវនេះសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនអ្នកបើកបរបន្តទៀត

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer  បើកបុក មនុស្ស ស្លាប់ ចំនួន០២នាក់ (ម្តាយ និង០១នាក់) ប្តីរងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ និងកំពុងស្រាវជ្រាវបន្ដទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបរមកផ្ដន្ទាទោសតាមនីតិវិធី។ នេះជាការបញ្ជាក់ពីនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ផងដែរថា «ករណីរថយន្ដ Hammer បើកបុក មនុស្ស២នាក់បណ្ដាលឱ្យ ស្លាប់ និងរងរបួសធ្ងន់ម្នាក់នេះ ហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បានចេញស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ទើបរកឃើញរថយន្តបង្ក និងស្វែងរកអ្នកបើកបរយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។

 

ជាមួយគ្នានេះ លោកស្នងការក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់នេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងរកចាប់ខ្លួនឱ្យខាងតែបាន។

សូមជម្រាបផងដែរថា៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបានបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ)បើកបរក្នុងទិសដៅពីត្បូងទៅជើង។ចំណែកភាគីរថយន្តបង្កមិនស្គាល់ម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំស្លាកលេខ បើកបរទិសដៅស្របគ្នា បានបុក ម៉ូតូពីខាងក្រោយពេញទំហឹង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានបណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

      

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២