អាណោចអាធ័មខ្លាំងណាស់! បុរសម្នាក់បើកម៉ូតូបុករថយន្តស្ទូចដឹកដែកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូចេញពីធ្វើការជ្រុលទៅបុកពីក្រោយរថយន្តស្ទូចដឹកដែក ហើយអ្នកបើកបរព្យាយាមបើករត់តែត្រូវសមត្ថកិច្ចឃាត់បានរថយន្ត។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ ភ្នំពេញហាណូយ ខាងមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រស សុជាតិ អាយុ៤៤ឆ្នាំមុខរបរ មេជាងម៉ាស៊ីនក្នុងរោងចក្រមួយកន្លែង រស់នៅភូមិព្រៃក្តី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយមានរថយន្តស្ទូចដឹកដែកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-2907 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុទល់មុខសាលាបឋមសិក្សារមិត្តភាពកម្ពុជាចិនឃ្មួញ ពេលនោះស្រាប់តែគេឃើញបុរសរងគ្រោះបានបើកម៉ូតូម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1FN-1671 ជិះម្នាក់ឯងធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវភ្នំពេញហាណូយពីត្បូងមកជើងក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់រថយន្តស្ទូចដឹកដែកចំពីក្រោយពេញទំហឹង បណ្តាលឲ្យធ្លាយទ្រូងមួយចំហៀងដួលនៅនឹងផ្លូវ ពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏បានឈប់ចុះទៅមើលរួចទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ខណៈលើកជនរងគ្រោះដាក់លើរថយយន្តសាមុយ ក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ។ ចំណែករថយន្តស្ទូចដឹកដែកវិញបានបន្តល្បឿន បើករត់ទៅមុខជាច្រើនម៉ែត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់បានតែរថយន្ត ចំណែកបុរសជាអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត​ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយនៅពេលក្រោយ។ ចំណែកសពសត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

     

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២