កម្ពុជាសូមស្វាគមនន៍នាវាទេសចរណ៍ខ្នាតយក្ស Westerdam ដឹកភ្ញៀវទេសចរជាង១៥០០នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុជាលើកទី២ នាព្រឹកនេះ

ភ្នំពេញ ៖ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៥០០នាក់ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយពីចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ-១៩រាតត្បាត ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀតនាពេលនេះ ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងការទាក់ទាញអ្នកវិនិយោគមកខេត្តនេះទៀតផង។

នាវាទេសចរណ៍អាមេរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូនេះ ដោយផ្ទុកភ្ញៀវទេសចរជាង១,៥០០នាក់។ ក្នុងចំណោមទេសចរទាំងនោះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាមេរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥បានបដិសេធលើការ ស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ-១៩។

មូលហេតុដែលរដ្ឋាភិបាលសម្រេចឱ្យនាវាអាមេរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្ស និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ-១៩។

 

មនុស្សនៅលើនាវានោះមានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមានអាម៉េរិកមាន៦៥១នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក) កាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់។

សូមជម្រាបផងដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលនៅលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ-១៩។

បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង​។ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនេះ សម្ដេចតេជោ​ ទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕

   

ដោ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២