សហរដ្ឋអាមេរិក​ប្រកាស​ផ្តល់​អាវុធ និង​បរិក្ខារ​ដែលមាន​តម្លៃ ២៥០​លាន​ដុល្លារ​​អ៊ុយក្រែនបន្ថែមទៀត

សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធម្សិលម៉ិញនេះ​ថា ខ្លួន​នឹង​ផ្តល់​អាវុធ និង​បរិក្ខារ​ដែល​មាន​តម្លៃ ២៥០លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ កញ្ចប់ជំនួយនេះរួមមាន៖ គ្រាប់បែកការពារអាកាស ធាតុផ្សំនៃប្រព័ន្ធការពារអាកាសផ្សេងទៀត គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ គ្រាប់កាំភ្លើងធំ ១៥៥មម និង១០៥មម អាវុធប្រឆាំងរថពាសដែក និងគ្រាប់រំសេវអាវុធធុនតូចជាង ១៥លានគ្រាប់។រដ្ឋមន្ត្រីក្រសួងការបរទេសលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំនួយរបស់យើងមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដៃគូអ៊ុយក្រែនរបស់យើង នៅពេលដែលពួកគេការពារប្រទេស និងសេរីភាពរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី” ។

លោកបានធ្វើការកត់សម្គាល់ថា សម្ព័ន្ធនៃបណ្តាប្រទេសជាង 50 បន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន វាជាការចាំបាច់ដែលសភាធ្វើសកម្មភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីជំរុញផលប្រយោជន៍សន្តិសុខជាតិរបស់យើង តាមរយៈការជួយអ៊ុយក្រែនការពារខ្លួន និងធានាអនាគតរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បាននិយាយបន្ទាប់ពីការប្រកាសនេះថា សហរដ្ឋអាមេរិកបន្តបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កញ្ចប់ថវិកាចំនួន 250 លានដុល្លារនេះរួមមានមីស៊ីលប្រឆាំងយន្តហោះ Stinger និងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ (HIMARS) ។សមត្ថភាពទាំងនេះនឹងគាំទ្រដល់តម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែន ដើម្បីឱ្យកងកម្លាំងរបស់ខ្លួនការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ពួកគេ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022មក សហរដ្ឋអាមេរិកបានបញ្ជូនជំនួយផ្នែកយោធាប្រមាណជា 44.3 ពាន់លានដុល្លារទៅកាន់ទីក្រុង Kyiv ។

សេចក្តីប្រកាសនេះកើតឡើងនៅពេលដែលជំនួយសង្រ្គាមអ៊ុយក្រែនធ្លាក់ចុះនៅក្នុងសភាដែលជាផ្នែកមួយនៃសំណើរផ្តល់មូលនិធិបន្ថែមចំនួន 106 ពាន់លានដុល្លារដែលដាក់ដោយប្រធានាធិបតីអាមេរិក Joe Biden ។ហើយទឹកប្រាក់ប្រហែល 61.4 ពាន់លានដុល្លារត្រូវបានកំណត់សម្រាប់ការបញ្ជូនជំនួយយោធាបន្ថែមទៅអ៊ុយក្រែន រួមទាំងការផ្តល់មូលនិធិដើម្បីបំពេញបន្ថែមភាគហ៊ុនរបស់សហរដ្ឋអាមេរិកដែលនឹងត្រូវផ្ទេរទៅទីក្រុង Kyiv ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២