អ្នកខេត្តស្វាយរៀងណាខ្លះជាហ្វេនអេអាំ ម៉ារីនភូថង នៅថ្ងៃទី៣១ ធ្នូនេះ គាត់ណាត់ជាមួយកីឡាករជើងខ្លាំងអាមេរិកទៅវាយឱ្យកក្រើកថ្ងៃឆ្លងឆ្នាំនៅទីនោះម្តង!

ភ្នំពេញ៖ មិនច្រណែនមិនបាន អ្នកខេត្តស្វាយរៀងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ 2023នេះ បានទាំងកម្សាន្តសប្បាយថ្ងៃឆ្លងឆ្នាំ បានទាំងទស្សនាការប្រកួតប្រដាល់គុនខ្មែរថែមទៀត ដែលសង្វៀន Wurkz សេនាគុនខ្មែរយន្ត៨ទិសនឹងនាំយកកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិទៅប្រកួតឱ្យប្រជាពលរដ្ឋនៅទីនោះបានទស្សនាកម្សាន្ត សប្បាយភ្នែកម្តង។ជាមួយគ្នានោះ គូពិសេសដែលមិនធ្លាប់បានជួបគ្នា និងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាងគេនោះកីឡាករអេអាំ ម៉ារីនភូថង បានណាត់ជាមួយកីឡាករជើងខ្លាំងមកពីសហរដ្ឋអាមេរិកឡើងសាកកណ្តាប់ដៃគ្នានៅលើសង្វៀនដ៏មានប្រជាប្រិយភាពមួយនេះឱ្យកក្រើកសង្វៀននៅខេត្តស្វាយរៀងម្តង។

អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង អាំ ម៉ារីនភូថង នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយកីឡាករមកពីសហរដ្ឋអាមេរិកដែលមានឈ្មោះថា Christian Rage ក្នុងការប្រកួតលក្ខណៈគុនខ្មែរបីទឹក នៅលើសង្វៀន Wurkz សេនាគុនខ្មែរយន្ត ៨ ទិស ចាប់ពីម៉ោង 7:00 យប់តទៅនៅរង្វង់មូលវិមានឯករាជ្យ ទល់មុខសណ្ឋាគារវ៉ៃកូ ខេត្តស្វាយរៀង ។

បច្ចុប្បន្ននេះកីឡាករវ័យក្មេង កំលោះរូបសង្ហាដែលជាកូនប្រុសរបស់អតីតអ្នកប្រដាល់ល្បីឈ្មោះអេភូថងកំពុងតែឆក់យកបេះដូងអ្នកគាំទ្រហើយរូបគេទើបតែមានអាយុ 19 ឆ្នាំប៉ុណ្ណោះគេមានកម្ពស់ 1 ម៉ែត្រ 82 ទម្ងន់ 66 គីឡូក្រាម ធ្លាប់ប្រកួតបានចំនួន 44 ដង ឈ្នះ 37ដង ចាញ់ 6 ដង ស្មើពីរដង និងធ្លាប់បានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតរហូតដល់ 17 ដងក្នុងចំណោមការប្រកួតធំៗរបស់គេ។

មិនត្រឹមតែប៉ុណ្ណោះទេ ការប្រកួតគួរអន្តរជាតិពិសេសៗមាន 2គូទៀតគឺជាជំនួបរវាងកីឡាករអ្នកលេងចិត្តសាស្ត្រគុនខ្មែរថុល មករា ប៉ះជាមួយនឹងជើងខ្លាំងមកពីប្រទេសថៃ នីវចងងួន ចងងួនយីម។ ហើយក៏មានការជួបគ្នារវាងកីឡាករវង្ស វិច្ឆ័យ ជួបតតាំងជាមួយនឹងកីឡាករម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័នមកពីព្រះរាជាណាចក្រថៃ ឌេន កៅស៊ែនផងដែរ។

ហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN  FULL HDTV,ផេកTOWN  FULL HDTV, Town Sports និងWurkzផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២