វិបត្តិសេដ្ឋកិច្ចសកល មិនបានរារាំងដល់ការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញឡើយ ឥឡូវនេះ​ភ្នំពេញកំពុងមានការស្នើសុំសាងសង់បន្តចំនួន៥៣៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណជា១៣២លានដុល្លារ

រាជធានីភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក យ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ យើងមាន សំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦ គម្រោង លើផ្ទៃក្រឡាសំណង់សរុប ២៦៩.១៦៦ ម៉ែត្រការ៉េ ដែលមាន ទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិក បន្ថែមទៀត ។

ឯកឧត្តមបានបន្តទៀតថា ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣ រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅ អនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦.៥៩៣ លានដុល្លាអាមេរិក (ប្រាំមួយពាន់ ប្រាំរយកៅសិប បីលានដុល្លាអាមេរិក) គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការ វិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល ២ ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយរាជធានីភ្នំពេញ សរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានី ភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូល ថវិការដ្ឋចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក ៕

 

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២