បុរសម្នាក់ត្រូវរថយន្តសណ្តោងទូកុងតឺន័របើកបុក ហើយកិនពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ​ ៖​ បុរសម្នាក់បើកម៉ូតូតាមដងផ្លូវ​ត្រូវរថយន្តសណ្តោងទូកុងតឺន័របើកបញ្រ្ចាសមកបុកចំពីមុខពេញទំហឹងរួចកិនពីលើបន្ថែម បណ្តាលឱ្យ​បែកក្បាលស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៤ និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ខាងមុខបុរីញ៉ូថោន ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

​ប្រភពពត័មានពីសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1IV-7335 ធ្វើដំណើរតែម្នាក់ឯងនៅតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកើតទៅលិច ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ​ ពាក់ស្លាកលេខ ភ្នំពេញ 3F-0038 បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង​ បណ្តាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្តកិនទៅលើបុរសជាម្ចាស់ម៉ូតូចំក្បាលបណ្តាលឲ្យបែកខួរស្លាប់។ ភ្លាមៗនោះរថយន្តបង្កបានបន្តល្បឿនបើកទៅមុខជាច្រើនម៉ែត្រ​ទើបឈប់ហើយអ្នកបើកបរបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល​ ។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី៣​ បានចុះមកដល់ ហើយបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ​ មកវាស់វែងយករថយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមនីតិវិធី ហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ដោយ​ ៖​វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២