សាច់បង្កកជិត១៩តោន មានទាំងសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅក្នុងភូមិសាស្ត្រខណ្ឌអំពៅ!

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ឲ្យដឹងថា មានសាច់បង្កក ជាសាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿង​ក្នុងប្រមាណជិត១៩តោន ត្រូវបានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាប២ទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។

ដោយទីតាំងទី១ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទីតាំងទី២ ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា វត្ថុតាងទាំងអស់ត្រូវលោកព្រះរាជអាជ្ញារង សម្របសម្រួលនីតិវិធី សម្រេចឲ្យក្រុមការងារបិទឃ្លុំបេរកុងទីន័រក្លាសេ្សទាំង២ទីតាំង និងដកហូតសំណាកវត្ថុតាងយកទៅពិនិត្យវិភាគរកមេរោគ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ (ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ។

ការនាំចូលរបៀបនេះ នៅតែបន្តកើតមាន ជាក្តីបារម្ភបំផុតរបស់ប្រជាពលរដ្ឋ ជាអ្នកបរិភោគ ងាយរងគ្រោះ និងប៉ះពាល់ដល់សុខភាព ធ្ងន់ធ្ងរ៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២