ត្បិតតែនៅវ័យក្មេងមែនពិត ប៉ុន្តែតាន់ល្អណាស់ ! ឃន សុម៉ាលី ផ្ដាច់ជើងខ្លាំងថៃត្រឹមទឹកទី១ដោយក្បាច់ពិសេស

ភ្នំពេញ៖ កីឡាករវ័យក្មេងឃន សុម៉ាលី ហើយក៏ជាកីឡាករជម្រើសជាតិឃីកបុកស៊ីង ដែលមានរូបសម្រស់ស្រស់សង្ហា មិនត្រឹមតែប៉ុណ្ណោះទេរូបគេគឺជាកីឡាករប្រដាល់គុនខ្មែរមួយរូប ដែលមានសមត្ថភាពល្អមែនទែន ដែលកាលពីយប់ម៉ិញនេះរូបគេបានផ្ដាច់កីឡាករថៃមិនឱ្យក្រោកតដៃរួចនៅត្រឹមទឹកទីមួយប៉ុណ្ណោះ ដោយការប្រើក្បាច់គុនខ្មែរពិសេសរបស់គេ។

នៅក្នុងការប្រកួតលើសង្វៀន GANZBERG រាសីគុនខ្មែរ ឃន សុម៉ាលីមិនប្រើរយៈពេលយូរនោះទេក្នុងការផ្ដួលដៃគូឲ្យបោះបង់ការប្រកួត ដោយរូបគេបានប្រើភាពវ័យឆ្លាត ហើយមិនកញ្ជ្រោលខ្លាំងនោះទេ ឆ្លងកាត់ការវាយ និងទាត់ស្ទាបស្ទង់គ្នារយៈពេលខ្លីប៉ុណ្ណោះ សុម៉ាលីបានរកឃើញចំណុចខ្សោយរបស់ដៃគូ ហើយក៏ផ្ដាច់ត្រឹមទឹកទីមួយនោះតែម្ដង។

សុម៉ាលីបានប្រាប់សារព័ត៌មានថោនឲ្យដឹងថា មូលហេតុដែលគេអាចផ្ដាច់កីឡាករថៃក្រៃថង ភីខេ ឲ្យដេកសន្លប់ស្ដូកស្ដឹងត្រឹមទឹកទីមួយបាននោះ ដោយសារតែកីឡាកររូបនោះ ភ្លាត់ស្នៀតទើបធ្វើឲ្យគេចាប់ចំណុចខ្សោយបានក៏លើកជើងទាត់ចូលកញ្ចឹងកតែម្ដង នៅពេលដែលកីឡាករថៃរូបនោះបានទាត់ជើងក្រោមរបស់គេ។

កីឡាករគុនខ្មែរវ័យក្មេងរូបនេះបានបន្ថែមទៀតថា កន្លងមកគេបានស្គាល់កីឡាករថៃនេះរួចទៅហើយ ដោយធ្លាប់បានទស្សនាការប្រកួតរបស់គេគឺគេជាកីឡាករមួយរូបដែលពូកែដៃ និងជង្គង់ ប៉ុន្តែចំណុចខ្សោយរបស់កីឡាកររូបនោះគឺអន់ក្បាលពោះ ។ហើយមុននឹងឈានចូលដល់ការប្រកួតជាមួយជើងខ្លាំងថៃរូបនោះ រូបគេបានត្រៀមកណ្ដាប់ដៃ និងជង្គង់ ប៉ុន្តែមិននឹកស្មានថារូបគេអាចផ្ដាច់កីឡាករថៃរូបនោះ ដោយការប្រើជើងទាត់ទៅវិញ។

សូមជម្រាបថាកីឡាករឃន សុម៉ាលីមានអាយុ 18 ឆ្នាំកម្ពស់ 1.68 ទម្ងន់ 54 គីឡូក្រាម។គេធ្លាប់ប្រកួតបានចំនួន 49 ដងឈ្នះ 33 ដង។ចាញ់ 4 ដង ស្មើពីរដង និងធ្លាប់បានផ្ដួលគូប្រកួតឲ្យសន្លប់ និងបោះបង់ការប្រកួតចំនួន 16 ដង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២