ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ដោយសារពស់ចឹក ខណៈគាត់មានជំនឿ និងអះអាងខ្លួនថា៖ “ខ្លួនមានអណ្តាតពាំព្រីង” ហើយយល់ឃើញថា អ្នកដែលមានអណ្តាតបែបនេះ ឬសត្វសុនខមានអណ្តាតពាំព្រីង ពស់ចឹង ឬខាំមិនស្លាប់នោះឡើយ បែរជាបែកគំនិតទៅចាប់សត្វពស់លេង មានអីត្រូវពស់ចឹងស្លាប់បាត់។
បើតាមសម្តីបុរសម្នាក់ ដែលនាំជនរងគ្រោះមកកាន់មន្ទីរពេទ្យ បានរៀបរាប់ថា មុនពេលជនរងគ្រោះត្រូវសត្វពស់ខាំ គឺបុរសរូបនេះ គាត់អាងថា ខ្លួនមានអណ្តាតពាំព្រីង ក៏បានចាប់ពស់លេងនឹងបានយកដៃម្ខាង រួចមាត់បឺតមុខរបួសដៃម្ខាងទៀត ដែលត្រូវពស់ចឹក។ លុះពេលសាច់ញាតិសួរនាំថា «ម៉េចក៏ចាប់ពស់អញ្ចឹង?» គាត់ឆ្លើយថា «អត់អីទេ ខ្ញុំមានអណ្តាតពាំព្រីង»។ ក្រោយមកបានមួយសន្ទុះស្រាប់តែ ជនរងគ្រោះ បានដួលសន្លប់បាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង។
បើតាមប្រភពពីវេជ្ជបណ្ឌិតបានលើកឡើងថា “រឿងអបិយជំនឿនាំឱ្យពលរដ្ឋគ្រប់រូបនឹងរងនូវការវិនាសខ្លួន ដូចទៅនឹងបុរសរងគ្រោះ ដែលបានចាប់ពស់ស្រកាចាស់មកលេង ក៏ត្រូវពស់នោះខាំជាច្រើនចង្កូមរួចហើយក៏ដោយ ព្រោះគាត់អះអាងថា ខ្លួនមានអណ្តាតពាំព្រីងនោះ គឺមិនស្លាប់ទេ ប៉ុន្តែបែរជាស្លាប់ទៅវិញ”។
ជាមួយគ្នានេះ វេជ្ជបណ្ឌិតទូទៅនៅក្នុងប្រទេសកម្ពុជា តែងតែណែនាំ និងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជនបទគួរយល់ដឹងនៅពេលមានពស់ចឹក ឬខាំ តើយើងគួរសង្គ្រោះបឋមបែបណានោះ?
ជាការពិតណាស់ វិធីសង្គ្រោះបឋមនៅពេលមានពស់ចឹក ឬខាំ នោះ ៖
ទី១- ត្រូវដាក់ជនរងគ្រោះដំណេកផ្ងារ និងក្បាលខ្ពស់។
ទី២- ប្រាប់គាត់កុំអោយកំរើកអវៈយវៈ និងសម្រួលអារម្មណ៍។
ទី៣- រុំបង់យឺត (ពីរជាន់) និងអបអោយមានលំនឹង។
ទី៤- រក្សាកន្លែងរបួស ទាបជាងកម្រិតបេះដូង។
ទី៥- បញ្ជូនជនរងគ្រោះទៅមន្ទើរពេទ្យ។
លើសពីនេះ ចំពោះសកម្មភាពដែលពុំគួរធ្វើវិញ មានដូចជា ៖
ទី១- បឺតឈា.មត្រង់កន្លែងពស់។
ទី២- កាត់របួស បង្ហូរឈា.ម។
ទី៣- ចងខ្សែការ៉ូ ឃាត់ឈា.ម។
ទី៤- ស្អំទឹកកក នៅកន្លែងខាំ។
គួរបញ្ជាក់ផងដែរថា ចំពោះប្រភេទពស់ ដែលបង្កគ្រោះថ្នាក់ ដូចជា ៖ ប្រភេទពស់ហនុមាន, ពស់វែកដំបូក, ពស់ក្រាយ ស.ខ្មៅ ឬពស់ក្រោយជាដើមនោះ។ ក្រៅពីនេះ ក៏មានពស់ស្រកាចាស់ ដែលបានចឹកបុរសខាងលើ បណ្ដាលឱ្យស្លាប់ផងដែរ, ពស់វែកក្របី, ពស់វែករនាម និងពស់ពព្លាក់ជាដើម៕
ដោយ៖ វិសាល