គ្រោះរញ្ជួយដីនៅប្រទេសជប៉ុនបណ្តាលឱ្យមនុស្សស្លាប់ចំនួន២៤នាក់ និង៦០នាក់ផ្សេងទៀតបានរងរបួស  ហើយផ្ទះ និងអគារជាច្រើនបានដួលរលំ

គ្រោះរញ្ជួយដី (កម្រិត ៧.៦) កាលពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ បង្កឱ្យមានហានិភ័យ នៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្តាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះមហន្តរាយនេះ។

សេចក្ទីជូនដំណឹងដដែលបានឱ្យដឹងទៀតថា បើគិតត្រឹមម៉ោង ១៣:០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ តាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា៖ ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ចំនួន ២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu អគារជាង ១០០ខ្នង នៅខេត្តIshikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀត បានដួលរលំ រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០ គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព (ក្នុង ចំណោម ៤៥,០០០ គ្រួសារនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ) មានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នង រដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និងមនុស្ស ៨,៥០០នាក់ផ្សេងទៀត ត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់ បើទោះជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយនៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត។

គួររំលឹកផងដែរថា តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលរស់នៅ ក្នុងតំបន់រងគ្រោះខាងលើ មានចំនួន៨២នាក់ (ខេត្ត Ishikawa), ២៧៩នាក់ (ខេត្ត Fukui), ២០៨នាក់ (ខេត្ត Nagano), ៧៩១នាក់ (ខេត្ត Gifu), ១៥២នាក់ (ខេត្ត Toyama) និង ១១៧នាក់ (1ខេត្ត Niigata)។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋ ខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤៕

  

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២