ស្រីស្រស់រូបស្អាតរហស្សនាមកូនទន្សាយតូចគុនខ្មែរ ទូច ចាន់វត្តី មកលើកនេះកាន់តែកាច ក្រោយខានឡើងសង្វៀនយូរ

ភ្នំពេញ៖ ទូច ចាន់វត្តីមកសង្វៀនគុនខ្មែរលើកនេះ កាន់តែកាចប្រើក្បាច់ពិសេសៗ វាយមិនប្រណីទៅកាន់កីឡាការិនីមកពីប្រទេសថៃម្ចាស់ខ្សែក្រវ៉ាត់ រ៉ូយគៀវ ស.ផុងស៊ីង នៅសង្វៀនគុនខ្មែរ Grand Champion កាលពីចុងសប្តាហ៍កន្លងទៅនេះ។

នៅក្នុងទឹកទីមួយនៃការប្រកួតគូរមិត្តភាពអន្តរជាតិ វត្តី ហាក់បីដូចជាមិនស្ទាបស្ទង់ច្រើននោះទេបានបោះកណ្ដាប់ដៃវាយយ៉ាងសន្ធាប់ និងខ្លាំងៗទៅលើកីឡាការិនីថៃនោះមិនប្រណីដៃ បីដូចជារូបគេអន្ទះសាចង់ជួបគ្នាតាំងពីពេលណាមកអ៊ីចឹង ។

ចូលមកដល់ទឹកទី 2 នៃការប្រកួតទូច ចាន់វត្តីក៏នៅតែមិនទម្លាក់ដៃឬបន្ធូបន្ថយបន្តិចឡើយ គឺពន្លឿនក្បាច់វាយកាន់តែខ្លាំង មិនត្រឹមតែវាយចូលមុខរបស់កីឡាការិនីជើងខ្លាំងថៃនោះទេ ថែមទាំងលេងទាំងពោះទឹកទៀតផង ធ្វើឲ្យកីឡាការិនីរ៉ូយ គៀវស្ទើរតែគ្មានចង្វាក់នៅក្នុងការវាយតបតវិញ។

នៅពេលចូលដល់ទឹកទី 3 វិញ វត្តីប្រើរយៈពេលត្រឹមតែមួយនាទីជាងប៉ុណ្ណោះ នៅក្នុងការទាត់ផ្តាច់ទៅលើជើងរបស់កីឡាការិនីថៃរហូតដល់ ធ្វើឲ្យអាជ្ញាកណ្ដាលរាប់កីឡាការិនីថៃរូបនេះ និងមិនអាចបន្តការប្រកួតបាន ក៏សម្រេចបោះបង់ការប្រកួតតែម្ដង។

សូមជម្រាបផងដែរថា នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ពុជាថៃមួយគូនេះវត្តីធ្វើបានល្អមែនទែន ដោយក្បាច់ប្រកួតរបស់គេមិនចាញ់បុរសៗប៉ុន្មាននោះទេ។ហើយមួយរយៈចុងក្រោយមកនេះ ពីមួយប្រកួតទៅមួយប្រកួតវត្តីហាក់បីដូចជាមានការអភិវឌ្ឍន៍ក្បាច់គុនច្រើន តែងតែផ្ដួលដៃគូឲ្យបោះបង់ការប្រកួតជាញឹកញាប់៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២