សម្តេចធិបតីនាយករដ្ឋមន្ត្រី​នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងចំនួនពីរថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង

សម្តេចធិបតីនាយករដ្ឋមន្ត្រី​នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩​ ខែមករា​ខាងមុខនេះ​។ការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងជាលើកទីមួយនេះគឺតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។

នៅក្នុងសារលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី​បារាំង ផ្ញើជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានខ្លឹមសារ និងការបកប្រែក្រៅផ្លូវការថា៖ ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់ ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅទីក្រុងប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងរវាងប្រជាជនយើង  ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករាខាងមុខនេះ។ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង ចាប់តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។

ឯកឧត្តមប្រធានាធិបតីបារាំង ក៏បានបញ្ជាក់នៅក្នុងសារលិខិតដដែលនេះថា ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់៕

ដោយ៖ សមណាង

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២