មនុស្សចំនួន៦២នាក់ត្រូវបានគេរកឃើញថាបានស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏អាក្រក់មួយនៅទីក្រុង Ishikawa ប្រទេសជប៉ុន និងជាច្រើននាក់ទៀតត្រូវបានសង្ស័យថា កំពុងស្ថិតនៅក្រោមអគារដួលរលំទាំងនោះនៅឡើយ

តំបន់នៅភាគកណ្តាលនៃប្រទេសជប៉ុន នៅតែបន្តការរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីកម្រិត 7.6 រ៉ិចទ័រនៅចំថ្ងៃចូលឆ្នាំថ្មី។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅក្នុងខេត្ត Ishikawa ដែលជាខេត្តរងគ្រោះខ្លាំង ដែលក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ៦២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់។ មនុស្សរាប់ម៉ឺននាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់ ជាមួយគ្នានេះ ក៏មានការបារម្ភ និងសង្ស័យថា មានមនុស្សជាច្រើនត្រូវបានជាប់នៅក្រោមផ្ទះដែលដួលរលំ។

ក្រុមមន្ត្រីបានព្រមានថា ការរញ្ជួយដីនៃកម្រិតស្រដៀងគ្នាអាចនឹងកើតមានទៀតនៅសប្តាហ៍នេះ។ មន្ត្រីក្រុងនៅ Wajima ខេត្ត Ishikawa បាននិយាយថា ផ្ទះចំនួន 25 ខ្នងបានដួលរលំ។ អ្នកពន្លត់អគ្គីភ័យត្រូវបានគេឃើញប្រើម៉ាស៊ីនកាត់ភ្លើងដើម្បីចូលទៅក្នុងអគារដែលដួលរលំដើម្បីរំដោះអ្នកដែលជាប់នៅខាងក្នុង។ ភ្លើងដែលបង្កដោយរញ្ជួយដីក៏បានបំផ្លាញផ្ទះប្រហែល ២០០ខ្នងនៅក្រុង Wajima។ នៅទីក្រុង Suzu ក្បែរនោះ ក្រុមមន្ត្រីបានបញ្ជាក់ថា ផ្ទះជាង ៥០ខ្នង ត្រូវបានរុះរើ ។

ការរញ្ជួយដីនេះ បានបង្កឱ្យមានការរអិលបាក់ដីដែលបំផ្លាញផ្លូវសំខាន់ៗនៅក្នុងទីក្រុងទាំងពីរ។ ផ្លូវមួយចំនួននៅតែបិទ។ អ្នកជំនាញរញ្ជួយដីនៅសកលវិទ្យាល័យតូក្យូ លោក Goto Hiroyuki បាននិយាយថា ការរញ្ជួយរយៈពេលខ្លីជាច្រើនបានកើតឡើងបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃចន្ទ។ ក្រុមមន្ត្រីកំពុងជំរុញឱ្យប្រជាជនទទួលស្គាល់សក្តានុពលនៃការរញ្ជួយដីដែលមានកម្រិត 7 នៅលើមាត្រដ្ឋានជប៉ុនក្នុងរយៈពេល 7 ថ្ងៃខាងមុខ។ មាត្រដ្ឋានជប៉ុនរត់ពី 0 ដល់ 7 ដោយ 7 គឺជាកម្លាំងខ្លាំងបំផុត៕

 

ប្រភព៖ NHK

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២