បុរសជនជាតិចិនម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុករថយន្ត២គ្រឿងទៀតឈប់រងចាំភ្លើងស្តុប ពេលសមត្ថកិច្ចចុះមកអន្តរាគមន៍ បានប្រើហិង្សាទៅលើសមត្ថកិច្ចបណ្តាលឲ្យរងរបួសទៀត

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេបើករថយន្តយ៉ាងលឿនទៅបុកពីក្រោយរថយន្ត២គ្រឿង ឈប់រងចាំភ្លើងស្តុប ហើយប្រើហិង្សាវាយទៅលើសមត្ថកិច្ចបណ្តាលឲ្យរងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវសហព័ន្ធរុស្ស៊ីខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស២គ្រឿង មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BN-1037 បើកដោយបុរសម្នាក់ រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀតជាប្រពន្ធ។ ចំណែករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2BI-3616 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តទាំង២គ្រឿងក៏បានឈប់រងចាំភ្លើងស្តុបក្រហម ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusLX470 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2A-6787 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរមកពីក្រោយស្របគ្នា ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកពីក្រោយរថយន្តតូយូតាព្រូសពេញទំហឹងរួចរុញទៅផ្ទប់នឹងរថយន្តមួយគ្រឿងទៀត នៅពីមុខបណ្តាលឲ្យខូចខាតយ៉ាងដំណំ ពេលនោះដែរសមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីឲ្យភាគីសងខាងសម្រួលគ្នាបែរជាបុរសជនជាតិចិន ប្រើកាយវិការច្រងេងច្រង៉ាងវាយទៅលើសមត្ថកិច្ច២នាក់ បណ្តាលឲ្យរងរបួសផងដែរ បន្ទាប់មកសមត្ថកិច្ចក៏បានដាក់កម្លាំងមកបន្ថែម ដើម្បីឃាត់ខ្លួនបុរសជនជាតិចិនរូបនោះ ដែលបើករថយន្តបង្កហើយប្រើហិង្សាលើសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធី។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯរថយន្តមួយគ្រឿងទៀត ម្ចាស់មិនចង់វែងឆ្ងាយ ក៏សុំសមត្ថកិច្ចយករថយន្តចេញពីកន្លែងកើតហេតុ ទៅជួសជុលដោយខ្លួនឯង៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២