កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយឆ្នាំ២០២៥ លែងមានប្រជាជនរងគ្រោះដោយសារគ្រាប់មីនទៀតហើយ

ប្រទេសកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំថា ទោះបីកម្ពុជានៅតែបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីនយ៉ាងណាក្តី ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាត និងដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជា។ កម្ពុជាសង្ឃឹមថា ក្រោយឆ្នាំ២០២៥ គ្មានប្រជាជនកម្ពុជាណាម្នាក់ នៅបន្តទទួលរងគ្រោះដោយគ្រាប់មីនទៀតនោះទេ។

នៅក្នុងជំនួបមួយ ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា រដ្ឋាភិបាល និងប្រជាជនចិន តែងតែផ្តល់ការគាំទ្រ និងចូលរួមដល់កិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះរួមទាំងការរួមចំណែកផ្នែកមនុស្សធម៌ដល់សកម្មភាពមីន ទាំងថវិកា សម្ភារ បច្ចេកទេស និងការកសាងសមត្ថភាពជាតិ ជាដើម។ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមានការរួមចំណែកពីប្រទេសចិន ប្រទេសជាមិត្តដទៃទៀត និងដៃគូអភិវឌ្ឍន៍ កម្ពុជាបានដាក់ផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដីធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ព្រមទាំងទទួលបានជោគជ័យតាមផែនការ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតចិនថា ទោះបីកម្ពុជានៅតែបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រោយឆ្នាំ២០២៥ គ្មានប្រជាជនកម្ពុជាណាម្នាក់ នៅបន្តទទួលរងគ្រោះដោយគ្រាប់មីនទៀត។

ក្នុងឱកាសនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណជូនចំពោះប្រទេសចិន ដែលបានផ្តល់ការគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលភាពជោគជ័យរបស់កម្ពុជានេះ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងចាត់ទុកជាភាពជោគជ័យរបស់ពិភពលោកទាំងមូលលើកិច្ចការសកម្មភាពមីន៕

    

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២