អារ៉ាប៊ីសាអូឌីតថ្កោលទោសការវាយប្រហារភេរវកម្មនៅអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សចំនួន១០៣នាក់

អារ៉ាប៊ីសាអូឌីតបានថ្កោលទោសការវាយប្រហារភេរវកម្មកាលពីថ្ងៃពុធម្សិលម៉ិញនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ នៅអំឡុងពេលពិធីមួយដើម្បីរំលឹកដល់ឧត្តមសេនីយអ៊ីរ៉ង់កំពូលម្នាក់ដែលត្រូវបានធ្វើឃាតដោយសហរដ្ឋអាមេរិកកាលពី 4 ឆ្នាំមុន។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ទីក្រុង Riyadh បានច្រានចោល និងថ្កោលទោសការវាយប្រហារភេរវកម្ម សំដៅទៅលើជនស៊ីវិលនៅក្នុង Kerman ។ ហើយពួកគេបាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រទេស​អ៊ីរ៉ង់ ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​នេះ ហើយ​បាន​ជូនពរ​ឱ្យ​អ្នក​របួស​ឆាប់​ជា​សះស្បើយ។

ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅលើផ្លូវឆ្ពោះទៅទីបញ្ចុះសព ជាកន្លែងដែលលោក Qassem Soleimani អតីតប្រធានកងឆ្មាំបដិវត្តន៍អ៊ីស្លាម Quds Force ត្រូវបានបញ្ចុះ។ យោងតាមលោក Sayyed Mohammad Saberi ប្រធានអង្គការគ្រាអាសន្នរបស់ទីក្រុងនេះបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន 103 នាក់ត្រូវបានសម្លាប់។ ហើយក្រុមមន្ត្រីនៅក្នុងប្រទេសនេះ​បាន​ប្រកាស​ថា ការ​បំផ្ទុះ​នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម។

Soleimani ត្រូវបានសម្លាប់កាលពីថ្ងៃទី 3 ខែមករា ឆ្នាំ 2020 នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅខាងក្រៅអាកាសយានដ្ឋាន Baghdad នៅក្នុងប្រទេសអ៊ីរ៉ាក់៕

  

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២