គ.ជ.ប សម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន ១១.៧៤៧ នាក់

ភ្នំពេញ៖ លោក  ហេង ស៊ីឡេង សមាជិក គ.ជ.ប បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងដែលមានការិយាល័យបោះឆ្នោតចំនួន ៣៣ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះរួមមាន៖ តំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ ស្ត្រី ១៧ នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមានចំនួន ១១.៦២២ នាក់ ស្ត្រី ២.៥៦៨ នាក់។

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការប្តឹងតវ៉ា ឬជំទាស់ និងការដោះស្រាយពាក្យបណ្តឹងលើបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគ.ជ.ប។

លោកបញ្ជាក់ថា តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គ.ជ.ប ត្រូវធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

លោកហេង ស៊ីឡេង បានបន្តថា ការរៀបចំបញ្ជីបោះឆ្នោតដំបូងដោយអនុវត្តតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បន្ទាប់ពីទទួលបានបញ្ជីឈ្មោះបោះឆ្នោត រួមនឹងរបាយការណ៍ចុះឈ្មោះបោះឆ្នោតពីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោតរួចមក នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត  នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ត្រូវធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ដោយផ្អែកជាមូលដ្ឋានលើបញ្ជីបេក្ខជនជាត់ឆ្នោតជាតំណាងរាស្ត្រ និងបញ្ជីបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្លូវការ ដែលមានរក្សាទុកឯកសារនៅ គ.ជ.ប។

បន្ទាប់ពីបានពិនិត្យឃើញថាត្រឹមត្រូវអស់ហើយនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោត ព្រមទាំងបញ្ចូលទិន្នអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធកំព្យូទ័រដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង និងបោះពុម្ពជាពីរច្បាប់ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

លោក ហេង ស៊ីឡេង បានបញ្ជាល់ទៀតថា បន្ទាប់ពី គ.ជ.ប បានពិនិត្យ និងសម្រេចលើបញ្ជីបោះឆ្នោតដំបូងរួចរាល់ហើយ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត បានថតចម្លងបញ្ជីបោះឆ្នោតដំបូង ចំនួន ៤ (បួន) ច្បាប់បន្ថែមទៀត ដើម្បីរៀបចំវេចខ្ចប់ និងបញ្ជូនទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ ក្នុងគោលដៅដើម្បីពិនិត្យ និងកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២