រាជធានីភ្នំពេញ ៖ ក្មេងប្រុស២នាក់ ដែលបានល.ង់ទឹកកាលពី២ថ្ងៃមុន នៅមុខវត្តព្រែកលៀបនោះ ឥឡូវនេះត្រូវបានក្រុមគ្រួសារប្រទះឃើញសពអណ្តែតឡើងហើយ កាលពីម៉ោងប្រមាណជា៦ព្រឹកថ្ងៃទី៥ខែ មករា ឆ្នាំ ២០២៤ នេះ បន្ទាប់ពីបងប្អូនខ្មែរ-អ៊ិស្លាម និងកម្លាំងកងទ័ពពិសេស៩១១ ជួយអន្តរាគមន៍មុជរាវរកអស់រយៈពេល២ថ្ងៃ រកសពពុំឃើញនោះ ។
ក្មេងប្រុសទាំង២នាក់ ដែលលង់ទឹកស្លាប់នៅមុខវត្តព្រែកលៀបនោះគឺក្មេងប្រុសរងគ្រោះទី១ឈ្មោះជា សុខ ដារិទ្ធ អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ រៀននៅសាលាបឋមសិក្សាព្រែកលៀប មានលំនៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិព្រែកទក់ ឃុំពាម ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងក្មេងប្រុសរងគ្រោះទី២ឈ្មោះហុក គឹមហៃ អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅក្បែរវត្តព្រែកព្រែកលៀបនោះដែរ។
គួបញ្ជាក់ផងដែរថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ក្នុងចំណោមក្មេង៣នាក់ បាននាំគ្នាទៅលេងទឹកទន្លេនៅមុខវត្តព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហើយបានលង់ទឹកលិចបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជា១១ព្រឹកថ្ងៃទី៣ខែ មករា ឆ្នាំ២០២៤។
តាមប្រភពពីស្ត្រីជាម្តាយក្មេងរងគ្រោះម្នាក់ឈ្មោះ ជា សុខដារិទ្ធ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១០ព្រឹក កូនប្រុសរបស់គាត់បានសុំជិះកង់ដើរលេង លុះដល់វេលាម៉ោងប្រមាណ១១ព្រឹក បាត់កូនមិនឃើញមកផ្ទះហូបបាយរៀបចំទៅរៀន ក៍បានដើររកក្នុងភូមិ ស្រាប់តែមានក្មេងប្រុសគរម្នាក់មកប្រាប់ថា កូនគាត់បានលង់ទឹកលិចបាត់ ក៏ទៅមាត់ទន្លេប្រទះឃើញកង់ និងស្បែងជើង ។
ស្ត្រីជាម្តាយក្មេងរងគ្រោះខាងលើបានបន្តថា ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាមុជទឹករាវរកដែរ តែរកពុំឃើញឡើយ ហើយស្ត្រីជាម្តាយគិតតែពីអង្គុយយំដង្ហើយហៅកូនមកហូបបាយយ៉ាងក្តុកក្តួលជាទីបំផុត ។ បន្ទាប់ពីជួលបងប្អុនខ្មែរ-អ៊ិស្លាមរាវរកមិនឃើញ លុះនៅថ្ងៃទី៤ ខែ មករា កម្លាំងកងទ័ពពិសេស៩១១ ក៍បានចុះទៅជួយមុជទឹករាវរកពេញ១ថ្ងៃរហូតដល់យប់មិនឃើញ ហើយ រហូតនៅព្រឹកថ្ងៃទី៥ ខែមករានេះ ក៍បានចេញទូកពីជ្រោយចង្វារទៅរុករកទៀត តែត្រូវបានក្រុមគ្រួសារប្រទះឃើញសពផុសអណ្តែតឡើងនៅក្បែរច្រាំងទន្លេ ។ នៅព្រឹកនេះដែរ សពក្មេងទាំង២នាក់ត្រូវបានកម្លាំងកងទ័ពពិសេស៩១១ ជួយចាត់ចែងស្រង់ឡើងលើច្រាំង ដើម្បីឱ្យនគរបាលជំនាញត្រួតពិតិត្យ ។
តាមក្រុមគ្រួសារសពបានឱ្យដឹងថា សពក្មេងប្រុសឈ្មោះជា សុខរិទ្ធ ត្រូវបានក្រុមគ្រួសារនាំទៅស្រុកកំណើតធ្វើបុណ្យ ។ ចំណែកសពក្មេងប្រុសឈ្មោះហុក គឹមហៃ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ និងបូជានៅវត្តព្រែលៀបនេះតែម្តង ៕