បេសកម្មដូចគ្នា រួមគ្នាបង្ការ ទប់ស្កាត់ ប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្ម

បេសកម្មដូចគ្នា រួមគ្នាបង្ការ ទប់ស្កាត់ ប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្ម ប៉ុន្តែក្នុងការប្រតិបត្តិការតួនាទីខុសគ្នាពីនៃស្ថាប័នរដ្ឋទាំងបី
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានថ្លែងពន្យល់ក្នុងវេទិកាពិភាក្សាស្តីពី អធិការកិច្ចក្នុងបរិបទកំណែទម្រង់ នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី៤ មករា ថាមហាជនមានការយល់ច្រឡំពីតួនាទីរបស់ ក្រសួងអធិការកិច្ច អាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ មានសមត្ថកិច្ចជាន់គ្នានោះដោយលោកបានពន្យល់ពីចំណុចខុសគ្នារួមមាន៖

– អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នឯករាជ្យ។
– អង្គភាពប្រឆាំងអំពើពុករលួយ មានសិទ្ធិកោះហៅ និងចាប់ខ្លួននរណាម្នាក់ ពេលរកឃើញមានកំហុស។ អង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិដោះលែងវិញ បើសិនអ្នកត្រូវបានឃាត់ខ្លួន តែរកមិនឃើញកំហុស។


– ក្រសួងអធិការកិច្ច មានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ។ បើឃើញថាស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយអោយយកជាគម្រូ តែបើធ្វើអធិការកិច្ចរកឃើញមានកំហុស នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវអោយច្បាស់ ធ្វើរបាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ។


ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់បន្ថែមពីស្ថាប័នរដ្ឋចំនួន ៣ រួមមាន៖ ក្រសួងអធិការកិច្ច អាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងនឹងអំពើពុករលួយ មានបេសកកម្មរួម គឺរួមគ្នាបង្ការ ទប់ស្កាត់ លើកវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្ម។
ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ចមាន ៣ចំណុចសំខាន់ៗ បន្ថែមទៀតរួមមាន៖


១- ការងារអធិការកិច្ច
២- ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា
៣- ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ ទទួលពីប្រជាពលរដ្ឋ និងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៊ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រី។


សូមជម្រាបជូនថា វេទិកាពិភាក្សា «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ជាលើកដំបូងបានរៀបចំ ក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងដោយមានការសម្របសម្រួលពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា មកពីបណ្តាស្ថាប័ន អង្គភាពសារព័ត៌មានចំនួន ៩៤រូប និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងអធិការកិច្ច សរុបទាំងអស់ ១៣២រូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២