កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានធ្វើឃាតលោក Hasan Okasha មេដឹកនាំយោធាសម្រាប់ក្រុមហាម៉ាស់នៅក្នុងប្រទេសស៊ីរី ដោយចោទប្រកាន់ថាគាត់មានជាប់ពាក់ព័ន្ធក្នុងការបាញ់គ្រាប់រ៉ុក្កែតទៅកាន់ប្រទេសអ៊ីស្រាអែល។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កងទ័ពអ៊ីស្រាអែលបានលាតត្រដាងថា ប្រតិបត្តិការនេះបានកើតឡើងនៅក្រុង Beit Jinn ដែលស្ថិតក្នុងខេត្ត Rif Dimashq ភាគនិរតីប្រទេសស៊ីរី។ ទោះជាយ៉ាងណាក៏ដោយព័ត៌មានលម្អិតអំពីរបៀបដែល Okasha ត្រូវបានសម្លាប់មិនត្រូវបានផ្តល់ផ្តល់។


កងទ័ពអ៊ីស្រាអែលបាននិយាយថា Okasha មានទំនួលខុសត្រូវក្នុងការដឹកនាំក្រុមឱ្យបាញ់រ៉ុក្កែតឆ្ពោះទៅរកអ៊ីស្រាអែល ហើយបានសង្កត់ធ្ងន់ថា ខ្លួននឹងមិនអត់ធ្មត់ចំពោះការគំរាមកំហែងណាមួយពីទឹកដីស៊ីរីឡើយ។ ក្រុមហាម៉ាសមិនទាន់បញ្ជាក់ពីហេតុការណ៍នេះនៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល KAN កងពលតូច Al-Qassam របស់ក្រុមហាម៉ាស់នៅក្នុងប្រទេសស៊ីរីរួមមានសមាជិករាប់សិបនាក់ និងកំពុងមានសកម្មភាពនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងដាម៉ាស និងតំបន់ភាគខាងត្បូងនៃប្រទេសស៊ីរី។ កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានធ្វើឃាត អនុប្រធានក្រុមហាម៉ាស លោក Saleh al-Arouri ក្នុងទីក្រុង Beirut ។


ភាពតានតឹងនៅទូទាំងព្រំដែនអ៊ីស្រាអែលជាមួយលីបង់ និងស៊ីរីបានផ្ទុះឡើងបន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 7 ខែតុលា ដែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចំនួន 23,084 នាក់ត្រូវបានសម្លាប់៕


ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា