សភារបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់សំខាន់ៗដែលបានហាមឃាត់ឧស្សាហកម្មសាច់ឆ្កែនៅក្នុងប្រទេសនេះ ខណៈដែលការអំពាវនាវជាសាធារណៈសម្រាប់ការហាមឃាត់បានកើនឡើងយ៉ាងខ្លាំងចំពេលយុទ្ធនាការសិទ្ធិសត្វ និងការព្រួយបារម្ភអំពីមុខមាត់របស់ប្រទេស។


ការទទួលទាន់សាច់ឆ្កែ មានអាយុកាលរាប់សតវត្សមកហើយនៅលើឧបទ្វីបកូរ៉េ ។ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា មនុស្សកាន់តែច្រើនចង់បានការហាមឃាត់របស់ខ្លួន ហើយភាគច្រើននៃប្រជាជនកូរ៉េខាងត្បូងមិនបរិភោគសាច់ឆ្កែទៀតនោះទេ។ កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់អំពីការហាមប្រាមបរិភោគសាច់សត្វឆ្កែនេះ ដោយសំឡេង ២០៨-០។


រដ្ឋាភិបាលរបស់ប្រធានាធិបតី Yoon Suk Yeol បានគាំទ្រការហាមប្រាមនេះ ដូច្នេះជំហានបន្តបន្ទាប់ក្នុងការបង្កើតច្បាប់នេះ ត្រូវបានចាត់ទុកថា មានលក្ខណៈផ្លូវការ។ច្បាប់នេះមានគោលបំណងចូលរួមចំណែកក្នុងការសម្រេចបាននូវតម្លៃនៃសិទ្ធិសត្វ ដែលបន្តគោរពជីវិត និងការរួមរស់ដោយសុខដុមរមនារវាងមនុស្ស និងសត្វ។

សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យការសម្លាប់ ការជួញដូរ និងការលក់សាច់ឆ្កែសម្រាប់ការបរិភោគរបស់មនុស្សខុសច្បាប់ចាប់ពីឆ្នាំ 2027តទៅ ហើយនឹងផ្តន្ទាទោសចំពោះទង្វើបែបនេះ ដោយដាក់ពន្ធនាគារពី 2 ទៅ 3 ឆ្នាំ។

គួរបញ្ជាក់ផងដែរថា នៅកូរ៉េខាងត្បូងមានអាជីវកម្មចិញ្ចឹមសុនខលក់សាច់ជាង៣៥០០កន្លែង និងហាងលក់សាច់សុនខចំនួនជាង៣០០០កន្លែង មានសុនខចំនួនប្រមាណជាង១.៥លានក្បាល។ ប្រពៃណីកូរ៉េការបរិភោគសាច់សុនខបានចាក់ឫសយ៉ាងជ្រៅតាំងពីសម័យបុរាណមកម៉្លេះ តែនៅពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកែប្រែប្រពៃណីនេះហើយ៕

ប្រភព៖ ABC News
ប្រែសម្រួលដោយ៖ វាសនា