សភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ការជួញដូរ និងការបរិភោគសាច់ឆ្កែ បើប្រព្រឹត្តល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៣ឆ្នាំ

សភារបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់សំខាន់ៗដែលបានហាមឃាត់ឧស្សាហកម្មសាច់ឆ្កែនៅក្នុងប្រទេសនេះ ខណៈដែលការអំពាវនាវជាសាធារណៈសម្រាប់ការហាមឃាត់បានកើនឡើងយ៉ាងខ្លាំងចំពេលយុទ្ធនាការសិទ្ធិសត្វ និងការព្រួយបារម្ភអំពីមុខមាត់របស់ប្រទេស។

ការទទួលទាន់សាច់ឆ្កែ មានអាយុកាលរាប់សតវត្សមកហើយនៅលើឧបទ្វីបកូរ៉េ ។ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា មនុស្សកាន់តែច្រើនចង់បានការហាមឃាត់របស់ខ្លួន ហើយភាគច្រើននៃប្រជាជនកូរ៉េខាងត្បូងមិនបរិភោគសាច់ឆ្កែទៀតនោះទេ។ កាល​ពី​ថ្ងៃ​អង្គារម្សិលម៉ិញនេះ រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់អំពីការហាមប្រាមបរិភោគសាច់សត្វឆ្កែ​នេះ​ ដោយ​សំឡេង ២០៨-០។

រដ្ឋាភិបាលរបស់ប្រធានាធិបតី Yoon Suk Yeol បានគាំទ្រការហាមប្រាមនេះ ដូច្នេះជំហានបន្តបន្ទាប់ក្នុងការបង្កើតច្បាប់នេះ ត្រូវបានចាត់ទុកថា មានលក្ខណៈផ្លូវការ។ច្បាប់​នេះ​មាន​គោល​បំណង​ចូល​រួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​តម្លៃ​នៃ​សិទ្ធិ​សត្វ ដែល​បន្ត​គោរព​ជីវិត និង​ការ​រួម​រស់​ដោយ​សុខដុម​រមនា​រវាង​មនុស្ស ​និង​សត្វ។

សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យការសម្លាប់ ការជួញដូរ និងការលក់សាច់ឆ្កែសម្រាប់ការបរិភោគរបស់មនុស្សខុសច្បាប់ចាប់ពីឆ្នាំ 2027តទៅ ហើយនឹងផ្តន្ទាទោសចំពោះទង្វើបែបនេះ ដោយដាក់ពន្ធនាគារពី 2 ទៅ 3 ឆ្នាំ។

គួរបញ្ជាក់ផងដែរថា នៅកូរ៉េខាងត្បូងមានអាជីវកម្មចិញ្ចឹមសុនខលក់សាច់ជាង៣៥០០កន្លែង​ និងហាងលក់សាច់សុនខចំនួនជាង៣០០០កន្លែង​ មានសុនខចំនួនប្រមាណជាង១.៥លានក្បាល។ ប្រពៃណីកូរ៉េការបរិភោគសាច់សុនខបានចាក់ឫសយ៉ាងជ្រៅតាំងពីសម័យបុរាណមកម៉្លេះ​ តែនៅពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកែប្រែប្រពៃណីនេះហើយ៕

ប្រភព៖ ABC News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២