រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ការនាំចេញអង្ករទៅកាន់ទីផ្សារអារ៉ាប់រួមនាពេលនេះ គឺជាឱកាសរបស់កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមិនទាន់មានស្ថេរភាពល្អ

កម្ពុជាកំពុងចាប់យកឱកាសនាំចេញផលិតផលទៅកាន់ប្រទេសនៅក្នុងតំបន់ស្របពេលដែលការដឹកជញ្ជូនផ្លូវឆ្ងាយត្រូវការចំណាយច្រើន កម្ពុជាត្រូវការពង្រីកទីផ្សារ ដែលនៅជិត និងមានសុវត្ថិភាព។នេះជាការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមនៅក្នុងកម្មវិធីនៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាក្រុមហ៊ុនវ័នរ៉ូតគ្រុម រាធានីភ្នំពេញ។

លោកជំទាវបានមានប្រសាសន៍ថា ពេលនេះគឺជាពេលដែលកម្ពុជាត្រូវគិតលម្អិតស្របពេលដែលនៅតាមប្រទេសនៅតាមតំបន់មួយចំនួនកំពុងប្រឈមមុខនឹងសង្រ្គាម ធ្វើឱ្យការដឹកជញ្ជូនទំនិញនាំចេញត្រូវការចំណាយគុណនឹង២ កម្ពុជាបានចាប់យកឱកាសនេះ ដើម្បីបញ្ជូននូវផលិតផលដែលមានស្លាកសញ្ញាកម្ពុជាទៅកាន់ប្រទេសនៅក្នុងតំបន់ តាមដែលអាចធ្វើទៅបាន។ លោកបានជំទាវបន្តថា នៅក្នុងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានភាពប្រាកដនិយម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយនៅក្នុងបញ្ចកោណទី៣ស្ដីអំពីការអភិវឌ្ឍន៍វិស័យឯកជន និងការងារ។ ក្នុងនោះលោកជំទាវក៏បានបញ្ជាក់ថា និន្នាការរបស់រាជរដ្ឋាភិបាលគឺពង្រឹងនូវទីផ្សារចាស់ និងពង្រីកនូវទីផ្សារថ្មី ហើយទីផ្សារចាស់ដែលលោកជំទាវលើកឡើងនេះគឺក្រុមហ៊ុន វ័នរ៉ូត ហើយទីផ្សារថ្មីគឺក្រុមហ៊ុនវ័នរ៉ូតបានកំពុងនាំចេញអង្ករទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួមនៅពេលនេះ។

ប្រធានក្រុមហ៊ុនវ័នរ៉ូត លោក ឡ ខេវិន បានថ្លែងឱ្យដឹងដែរថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយនៃការធ្វើសហរណកម្ម និងអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ ដែលជាឱកាសផ្សារភ្ជាប់កិច្ចសហប្រត្តិការណ៍រវាងប្រទេសទាំង៣ ចិន កម្ពុជា និងអារ៉ាប់រួម។ ចំពោះថ្ងៃអនាគត ក្រុមហ៊ុនវ័នរ៉ូតគ្រុបកាន់តែជឿជាក់ថា ការចាប់ផ្ដើមការនាំចេញអង្ករ៥០០តោនជាលើកដំបូងនេះ នឹងធ្វើឱ្យកិច្ចសហប្រត្តិបត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា អារ៉ាប់រួម ចិន កាន់តែមានភាពស្និតរមួត សម្រេចបាននូវសមទ្ធិផលខ្ពស់ នឹងទទួលបានផលជាផ្លែផ្កា ជាពិសេសម៉ាកផលិតផលរបស់ប្រទេសកម្ពុជា និងក្លាយជានិមិតសញ្ញាថ្មីនៃគុណភាពខ្ពស់នៅប្រទេសអារ៉ាប់រួម និងប្រទេសចិន។

ក្រុមហ៊ុនវ័នរ៉ូតគ្រុប ជាក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិខ្នាតធំមួយដែលស្ថិតក្នុងការគ្រប់គ្រងរបស់ប្រទេសចិននឹងជាក្រុមហ៊ុនវិនិយោគលើគម្រោងធំៗ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ដែលជាមជ្ឍមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ច អាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានចែកចាយ ក្នុងប្រទេសចិន មជ្ឈឹមបូព៌ា អាស៊ីអាគ្នេយ៍ អាហ្វិចខាងកើត និងតំបន់ផ្សេងៗទៀត។ បច្ចុប្បន្នឆ្លងកាត់ការអភិវឌ្ឍន៍ ជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនទទួលបាននូវភាពរីកចម្រើន និងការរីកធំធាត់យ៉ាងខ្លាំងជិត២០ប្រទេសនៅជុំវិញពិភពលោក៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២