បុរសពីរនាក់បើកម៉ូតូបុកគ្នាដួល ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយកិនពីលើ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកឯបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង ដោយសារម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យដួល ស្របពេលមានរថយន្តមិនស្គាល់ម៉ាក មកពីក្រោយបានកិនក្បាលបុរសរងគ្រោះ ហើយក៏បានបើករថយន្តរត់គេចខ្លួនបាត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវ ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈិត វណ្ណា អាយុ៤១ឆ្នាំ ជាប្រជាការពារភូមិសង្កាត់ព្រែកប្រា បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងភូមិអណ្តូង៣ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FE-2113(ស្លាប់)។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា មួយគ្រឿងម៉ាកហុងដាឌ្រីមសង់១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HB- 7253 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៣៦ និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FE-2113 បើកដោយបុរសម្នាក់ ខណៈជិះមកដល់ចំណុចកើតហេតុ ទល់មុខវត្តចំពុះក្អែក ស្រាប់តែរេចង្កូតទៅបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យខ្ទាតភាគីម្ខាងមកកណ្តាលផ្លូវស្របពេលមានរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏បានរេចង្កូត កិនទៅលើបុរសដែលជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែកភាគីម៉ូតូមួយគ្រឿងទៀត បានរងរបួសធ្ងន់ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បា រអំពៅ។ ចំណែកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

        

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២