កាចអីកាចយ៉ាងនេះ! នាគមាសឃីម បូរ៉ា ចាយពេលត្រឹមតែ២ទឹកប៉ុណ្ណោះ ផ្តាច់កីឡាករថៃមិនឱ្យក្រោកតដៃរួចឡើយ

ភ្នំពេញ៖ ជើងខ្លាំងគុនខ្មែរគីឡូ 60 ឃីម បូរ៉ា មានរហស្សនាមថានាគមាស កាន់តែចាស់កាន់តែកាច មិនដល់បីទឹកកាត់សេចក្តីត្រឹមត្រូវផង បានផ្ដាច់កីឡាករថៃផាយុម ឱ្យបែកអស់ធុងទឹក ផ្អើលអស់អ្នកខេត្តកំពង់ចាម។

ជើងខ្លាំងឃីម បូរ៉ាបានជួបប្រកួតជាមួយកីឡាករមកពីប្រទេសថៃ ដែលមានឈ្មោះថាផាយុម ខាំពី ក្នុងជំនួបការប្រកួតគូមិត្តភាពអន្តរជាតិនៅលើសង្វៀនWurkz សេនាគុនខ្មែរយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ថោនកាលពីយប់មិញនេះ បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោរកញ្ជ្រៀវឡើងកងរំពងពេញទីលានប្រកួត ដោយសារតែក្បាច់គុនខ្មែររបស់កីឡាករឃីម បូរ៉ា ល្អខ្លាំងពេក។

 

បូរ៉ាបានប្រើទាំងកែង ជង្គង់ ជាពិសេសកណ្ដាប់ដៃធ្ងន់ៗរបស់គេ វាយមិនសំចៃដៃទៅលើគូប្រកួតមកពីប្រទេសថៃ។

នៅក្នុងទឹកទី ១ គ្រាន់តែពាក់កណ្ដាលនាទី បូរ៉ា មិនបង្អង់យូរវាយសម្រុកទៅលើដៃគូរបស់ខ្លួនតែម្ដង ដោយកីឡាករផាយុម ខាំពីរស្ទើរតែមិនអាចបន្តការប្រកួតបានឡើយ ប៉ុន្តែដោយសារតែភាពខ្លាំងរបស់គេ និងទឹកចិត្តតស៊ូធ្វើឲ្យការប្រកួតឈានចូលដល់ទឹកទីពីរ។

នៅក្នុងទឹកទី ២ គ្រាន់តែជួងបន្លឺឡើងភ្លាម បូរ៉ាមិនបង្អង់យូរប្រើប្រាស់កណ្ដាប់ដៃរបស់ខ្លួនវាយទៅលើកីឡាករថៃផាយុម ខាំពីរ ដោយប្រើប្រាស់កណ្ដាប់ដៃរង្វង់ព្រះចន្ទវាយទៅលើឆ្អឹងជំនីរបស់កីឡាករថៃរូបនោះ បណ្តាលឲ្យដួលនៅលើសង្វៀនរហូតដល់លោកអាជ្ញាកណ្ដាលម៉ាក សាមឿនរាប់ដល់ដប់មិនអាចបន្តការប្រកួតបានបោះបង់ការប្រកួតត្រឹមនោះតែម្តង។

សូមជម្រាបផងដែរថា នាគមាសឃីម បូរ៉ា ជាកីឡាករជើងចាស់មួយរូបដែលបានឆក់យកប្រជាប្រិយភាពពីអ្នកស្នេហាគុនខ្មែរអស់រយៈកាលជាយូរមកហើយ ដោយរូបគេប្រកួតបានចំនួន ១៣៩ ដង,ឈ្នះ ១០១ ដង,ចាញ់ ៣៦ ដងស្មើពីរដង និងធ្លាប់ផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន ៣៧ ដង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២