សំណាងហើយ សត្វផ្សោតសមុទ្រ១ក្បាលនេះ ចេះមកជាប់ចំឧបករណ៍នេសាទអ្នកចិត្តបុណ្យត្រូវបានគាត់ព្រលែងឱ្យចូលទៅក្នុងសមុទ្រវិញ

សត្វផ្សោតមួយក្បាលត្រូវបានសង្គ្រោះ និងព្រលែងចូលក្នុងដែនសមុទ្រវិញ បន្ទាប់ពីវាបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបករបស់ប្រជានេសាទម្នាក់ឈ្មោះ ឈុន ប៊ុនឆួយ រស់នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

បើតាមមន្ត្រី រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សត្វផ្សោត១ក្បាលនោះ មានអាយុប្រហែលជា៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ បានរុំជាប់ឧបករណ៍នេសាទរបស់ប្រជានេសាទ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ ។បន្ទាប់ពីឃើញជាប់សត្វផ្សោត នៅនឹងឧបករណ៍នេសាទរបស់គាត់ គាត់បានដោះ ព្រលែងចូលទៅក្នុងសមុទ្រវិញ ពិតជាគួរឱ្យសរសើរពីទឹកចិត្តរបស់គាត់ខ្លាំងណាស់ ។សកម្មភាពនេះគឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជនៅក្នុងដែនសមុទ្ររបស់យើង។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលក៏បានចេញលិខិតកោតសរសើរដល់ប្រជានេសាទ ឈុន ប៊ុនឆួយ ដែលមានទឹកចិត្តក្នុងការអភិរក្សសត្វផ្សោត។ ហើយក៏បានធ្វើការអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សា និងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២