រហូតមកដល់ពេលនេះ រដ្ឋាភិបាល បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រមាណជា៥លានបណ្ណរួចមកហើយ និងបណ្ណកម្មសិទ្ធិប្រមាណជា ២លានបណ្ណទៀតនឹងត្រូវចែកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត

អតីតយុទ្ធជនចំនួន ២០០គ្រួសារ នៅក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរដ្ឋាភិបាល នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ។ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

រហូតមកដល់ពេលនេះ រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥លានបណ្ណរួចមកហើយ។ ចំណែកបណ្ណកម្មសិទ្ធិប្រមាណជា ២លានបណ្ណទៀតនឹងត្រូវចែកជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ដីឡូត៍ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។ នេះគឺជាការគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងគ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់​ ។

គូរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “កម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឱ្យកាន់តែសកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញការចុះបញ្ជីបន្តដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ។

លើសពីនេះ រដ្ឋាភិបាល ក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋស៊ីវិលក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២