សប្តាហ៍នេះ គីងកុងពិឃាដគុនខ្មែរ អេលីត សាន់នឹងទៅអង្រន់សង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិស នៅខេត្តត្បូងឃ្មុំហើយ! អ្នកត្បូងឃ្មុំសម្លៀងតែភ្នែកចាំទស្សនាទៅ គូនេះបើមិនបែក ក៏សន្លប់ដែរ

ភ្នំពេញ៖ សប្បាយភ្នែកទៀតហើយនៅក្នុងសប្តាហ៍នេះ គីងកុងពិឃាដគុនខ្មែរអេលីត សាន់ នឹងត្រូវប្រកួតតទល់ជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ ចាវតាពី វ៉ា.វៀងសារៈ នៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត ៨ទិស នៅទឹកដីខេត្តត្បូងឃ្មុំ ។ នេះគឺជាជំនួបប្រកួតមួយដែលនឹងជក់ចិត្តសម្រាប់អ្នកស្នេហាកីឡាគុនខ្មែរ ពិសេសបងប្អូនដែលរស់នៅទឹកដីខេត្តត្បូងចាំទទួលស្វាគមន៍ កីឡាករគុនខ្មែររបស់យើងផង។

តាមរយៈកីឡាករគុនខ្មែរអេលីត សាន់បានប្រាប់សារព័ត៌មានថោនឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលរូបគេជួបប្រកួតជាមួយកីឡាករថៃរូបនេះ ហើយក៏ជាលើកដំបូងដូចគ្នា អាចនិយាយបានថា ជាជំនួបថ្មីចែសសម្រាប់រូបគេ ។

 

គីងកុងពិឃាដគុនខ្មែរបានរៀបរាប់បន្តថា គេបានត្រៀមអាវុធរួចរាល់ហើយសម្រាប់ផ្តួលគូប្រកួតនៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយអាវុធដែលគេត្រៀមនៅក្នុងការយកទៅប្រើប្រាស់ជាមួយនឹងដៃគូមកពីប្រទេសថៃនោះ គឺការប្រើកែងដ៏មុតស្រួចរបស់គេ ដែលរូបគេតែងតែផ្ដួលគូប្រកួតជាញឹកញាប់នៅលើសង្វៀនគុនខ្មែរនាពេលកន្លងមក។

កីឡាកររូបនេះបានបន្តទៀតថា ប្រសិនបើដៃគូប្រកួតរបស់គេអត់រត់ទេនោះគឺគេនឹងឆ្មក់ឱកាសវាយផ្ដាច់យកតែម្ដង ដោយរូបគេបានដាក់ក្តីរំពឹង និងមានជំនឿជឿជាក់រហូតដល់ 70% ។

 

សូមជម្រាបផងដែរថា អេលីបសានធ្លាប់ប្រកួតបានចំនួន 98ដង ឈ្នះចំនួន 66ដង ចាញ់ 13ដង ស្មើ៤ដង និងធ្លាប់បានផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន17 ដង។

ដោយឡែកសម្រាប់ដៃគូប្រកួតរបស់គេវិញគឺជាជើងខ្លាំងមកពីប្រទេសថៃ ចាវតាពី រូបគេធ្លាប់ប្រកួតបានរហូតដល់ 100 ដង ឈ្នះ 72ដងចាញ់ 25 ដង ស្មើ៣ដង និងធ្លាប់បានផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតរហូតទៅដល់ 35 ដង។

 

ចាំមើលៗសប្តាហ៍នេះគីងកុងពិឃាដគុនខ្មែរយើងប៉ះជើងខ្លាំងមកពីប្រទេសថៃ តើនរណាជាអ្នកខ្លាំងពិតប្រាកដនៅលើសង្វៀនចុងសប្តាហ៍នេះ។ កុំភ្លេចជួបគ្នានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ ទីតាំងភូមិអំពិលតាពក ស្រុកអូររាំងឪ (ក្រោយសឹករងអូររាំងឪ)ចាប់ពីម៉ោង៧យប់តទៅ។ ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV,នៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង WURKZផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២