បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុកម៉ូតូ ហើយកិនអូសទៅបុកផ្ទប់រទេះលក់សាច់កាប់ និងតូបលក់កាហ្វេបណ្ដាលឲ្យស្លាប់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីក្រសួងធនធានទឹកចូលនិវត្តន៍ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូជូនប្រពន្ធមកផ្ទះ ត្រូវបានរថយន្តស៊េរីទំនើប Ford Raptor បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកបុក ហើយកិនពីលើ រួចបន្តទៅបុកតូបលក់កាហ្វេ និង រទេះលក់សាច់កាប់ផ្ទប់នឹងផ្ទះប្រជាពលរដ្ឋបន្តទៀត។

​     

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១  និង២០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបីក្បែរវត្តជុំ តាមបណ្តោយផ្លូវ ២០១១ ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះនួន សុណ្ណារិទ្ធ អាយុជាង ៦០ ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹក ចូលនិវត្តន៍  ស្នាក់នៅម្ដុំសាលាសង្កាត់ក្រាំងធ្នង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើត នៅឯខេត្តតាកែវ។

​  

តាមសម្ដីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ​ រូបគាត់បានទូរស័ព្ទប្រាប់ប្ដីឲ្យមកយករូបគាត់នៅកន្លែងលក់កាហ្វេមួយកន្លែងនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះដើម្បីជូនរូបគាត់មកផ្ទះដោយជិះម៉ូតូមួយគ្រឿងម្នាក់ លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់ជាប្រពន្ធឮសូរសំឡេងប្រាវ ខណៈនោះរូបគាត់ក៍បានបាត់ប្តី រួចបានឈប់ម៉ូតូរកមើលក៍ឃើញប្ដីត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ។

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BL-6655 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០១១ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកម៉ូតូវីវ៉ាពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ1Y-2966 ជិះដោយបុរសម្នាក់ជាជនរងគ្រោះធ្វើដំណើរទិសដៅពីជើងទៅត្បូង ពីចំហៀងម៉ូតូពេញទំហឹងហើយកិនពីលើជាប់ រួចរថយន្តបង្ករបន្តទៅបុករទេះលក់សាច់កាប់និងតូបលក់កាហ្វេផ្ទប់ និងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យជនរងគ្រោះស្លាប់នៅជាប់រថយន្តផ្នែកខាងមុខ។ភ្លាមៗនោះអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនរួចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការភ្លាមៗ។

​   

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២