គយកម្ពុជាចាត់វិធានការហាមឃាត់ ការនាំចូលនូវមុខទំនិញគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)បានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់ អគរ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករដែលមកពីបណ្តាអង្គភាពនានាទូទាំងប្រទេស នៅសាលាជាតិគយ ក្រោមអធិបតីភាពរបស់ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចមកពីបណ្តាអង្គភាពគយនិងរដ្ឋាករសរុបប្រមាណ ១៤០ រូប។សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការងារសំខាន់ៗរបស់ អគរ រួមមាន៖ យុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨, យុទ្ធសាស្រ្តអនុវត្តច្បាប់និងអនុលោមភាពគយ ឆ្នាំ២០២៤-២០២៨, ផែនការសកម្មភាពប្រចាំឆ្នាំ២០២៤, អនុក្រឹត្យលេខ ៣៧០ អនក្រ .បក ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ជំនួសឱ្យអនុក្រឹត្យលេខ ១៧ អនក្រ.បក ដែលនឹងត្រូវនិរាករណ៍ក្នុងរយៈពេលប្រមាណ ៤ ខែ ខាងមុខនេះ និងវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងនិងបំណែកសាច់បង្កក របស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកសារ និងវិធានការទាំងអស់នេះ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់មន្ត្រីគយ និងរដ្ឋាកគ្រប់ជាន់ថ្នាក់ប្រើប្រាស់ជាមគ្គុទេសក៏តម្រង់ផ្លូវក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឈានទៅសម្រេចឱ្យបាននូវការប្រមូលចំណូលតាមផែនការដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ក៏ដូចជាគោលដៅការងារផ្សេងទៀតក្រោមដែនសមត្ថកិច្ចគយ។

គួរបញ្ជាក់ផងដែរថា ឯកសារយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ ដែលជាកម្មវត្ថុនៃការផ្សព្វផ្សាយជូនមន្ត្រីគយនិងរដ្ឋាករនាថ្ងៃនេះ បានឆ្លងកាត់កិច្ចពិគ្រោះយោបល់ និងផ្សព្វផ្សាយជូនដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួចហើយ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក៕

   

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២