ឯកឧត្តម ទេសរដ្ឋមន្ត្រីថោង ខុន បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយទូរទស្សន៍ថោន និងថ្នាក់ដឹកនាំមកពីទូរទស្សន៍ហាយណានរបស់ប្រទេសចិន ចូលជួបសម្តែងការគួរសម មុនព្រឹត្តិការណ៍ប្រកួតរវាង«គុនខ្មែរ និងក្បាច់គុនកុងហ្វូចិន»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍន៍ចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាន​អនុញ្ញាតឱ្យថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ថោន និងថ្នាក់ដឹកនាំស្ថានីយ៍​ទូរទស្សន៍ហាយណាន ចូលជួបសម្តែងការគួរសម ក្រោមប្រធានបទស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួត« KUN KHMER KUNG FU និងក្បាច់គុនកុងហ្វូ “សៅលីន”»នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤នេះ។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយទូរទស្សន៍ថោន ដែលបានអញ្ជើញទៅជួបសម្តែងការគួរសមជាមួយឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍន៍ចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះរួមមាន៖ ឯកឧត្តមវ៉ា សុធា ស្វាមីលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប លោកគឹមស្រ៊ុន កុសល ហៅ Tommy Kim ទីប្រឹក្សាជាន់ខ្ពស់ និងជាស្ថាបនិកប្រដាល់គុនខ្មែរប្រចាំស្ថានីយទូរទស្សន៍ថោន ឯកឧត្តម ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ថោន ព្រមទាំងគណៈប្រតិភូមកពីទូរទស្សន៍ហាយណានរបស់ចិន ដែលបានមកចូលរួមនៅក្នុងមហាព្រឹត្តិការណ៍ Ganzberg Kunkhmer Kong Fu បានមកដល់ប្រទេសកម្ពុជាហើយ កាលពីម្សិលមិញនេះ។

ការមកដល់នៃគណៈប្រតិភូទូរទស្សន៍ហាយណានរបស់ចិនគឺមានការអញ្ជើញទៅទទួលពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗរបស់ស្ថានីយទូរទស្សន៍ថោន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់តែម្ដង។

នេះជាជំហានមួយថ្មីទៀតក្នុងកាចាប់ដៃគ្នាជាមួយប្រទេសចិនក្នុងការផ្សព្វផ្សាយគុនខ្មែរយើងលើឆាកអន្តរជាតិ ដោយនាំយកសុទ្ធតែកំពូលកីឡាករ កីឡាការិនីគុនខ្មែរជើងខ្លាំង នៅក្នុងប្រទេសកម្ពុជាមកធ្វើការប្រកួតដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរដ៏ចំណាស់នេះទៅកាន់ពិភពលោក ដើម្បីឱ្យគេបានស្គាល់ និងបានសិក្សាស្វែងយល់ពីក្បាច់គុនខ្មែរយើងកាន់តែច្បាស់បន្ថែមទៀត។

សូមជម្រាបផងដែរថា ចលនាបំផុសការផ្សព្វផ្សាយ និងលើកកម្ពស់​គុណតម្លៃកីឡាប្រដាល់គុនខ្មែរតាមគ្រប់រូបភាព​នៃប្រព័ន្ធផ្សព្វផ្សាយ និងជាការផ្សព្វផ្សាយពី​កម្ពុជា​ទៅកាន់ប្រទេសចិន និងដើម្បីជាការអបអរសាទរ “ឆ្នាំនៃការ​ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤” តាមរយៈកិច្ចសហការរៀប​ចំកម្មវិធី​ប្រកួតរួមគ្នា ដើម្បីផ្សព្វផ្សាយវប្បធម៌នៃ​សិល្បៈ​ក្បាច់គុនបុរាណនៃប្រទេសយើងទាំងពីរ៕

       

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២