ប្រធានាធិបតីបារាំង ៖ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ជាវិភាគទានធំជាងគេនៅអាស៊ី

ភ្នំពេញ៖ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កោតសរសើរកម្ពុជាចំពោះការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដែលជាវិភាគទានធំមួយនៅអាស៊ី។ ការកោតសរសើររបស់ប្រធានាធិបតីបារាំងនៅក្នុងសន្និសីទព័ត៌មានរួមជុំវិញដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ប្រធានាធិបតីបារាំង បានបញ្ជាក់ថា «ខ្ញុំនៅទីនេះ សូមកោតសរសើរនូវវិភាគទានរបស់កម្ពុជា ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាវិភាគទានធំជាងគេនៅអាស៊ី។ ការចូលរួមចំណែកជាប្រវត្តិសាស្ត្រនោះ»។

 

ប្រធានាធិបតីបារាំងបានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមប្រធានាធិបតីបារាំងក៏បានរំលឹកពីតួនាទីបារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការផ្តល់ជំនួបសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏បានបញ្ជាក់ពីការទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាត។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់កម្ពុជា ប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០៦។ ចាប់តាំង ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរួមចំណែកបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្ម រក្សាសន្តិភាពចំនួន ៩,២០៥នាក់ ក្នុងនោះនារី៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២