ដឹងតែពេញលេងហើយ ធីមយើងយប់នេះ! ក្របីព្រៃ ពេជ្រ សម្បត្តិ ជួបជើងខ្លាំងខាងក្បាច់គុនកុងហ្វ៊ូ ដែលមានប្រវត្តិធ្លាប់ផ្ដួលជើងខ្លាំងគុនខ្មែរឱ្យសន្លប់លើសង្វៀនម្តងរួចមកហើយ

ភ្នំពេញ ៖ យប់នេះក្របីព្រៃពេជ្រសម្បត្តិប៉ះថ្នាំខ្លាំងហើយ ដោយរូបគេត្រូវជួបសងសឹកឱ្យមិត្តរួមអាជីព ក្នុងជំនួបគូអន្តរជាតិជាមួយនឹងកុងហ្វូមកពីប្រទេសចិនកីឡាករ យ៉ាងហូវ នៅទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីម៉ោង 8:00 យប់តទៅ។

បើតាមកីឡាករយ៉ាងហូវមកពីប្រទេសចិនបានឱ្យដឹងថា រូបគេធ្លាប់បានផ្ដួលជើងខ្លាំងគុនខ្មែរសូត្រ វាសនាឲ្យសន្លប់ម្ដងរួចមកហើយ។

 

ដូច្នេះការប្រកួតលើកនេះគឺជាជំនួបសងសឹកសម្រាប់កីឡាករពេជ្រ សម្បត្តិ ដើម្បីលើកមុខមាត់គុនខ្មែររបស់យើងមកវិញ ដោយហេតុថាកន្លងមកកីឡាករសូត្រ វាសនា ដែលជាមិត្តរួមអាជីពរបស់ខ្លួនធ្លាប់បានសន្លប់ស្ដូកស្ដឹងនៅលើសង្វៀន ដោយសារតែជើងខ្លាំងចិនរូបនេះ។

កាលពីជាងពីរឆ្នាំមុនក្នុងជំនួបប្រកួតលក្ខណៈឃីកបុកស៊ីង កីឡាករសូត្រ វាសនាធ្លាប់ត្រូវបានយ៉ាងហូវផ្ដួលឲ្យបោះបង់ការប្រកួត នៅទឹកដីខេត្តសៀមរាបម្តងរួចមកហើយ។កាលនោះសូត្រ វាសនាបានឲ្យដឹងថា កីឡាករចិនរូបនេះមិនសូវជាខ្លាំងប៉ុន្មានទេ ប៉ុន្តែបើនិយាយអំពីបច្ចុប្បន្នភាពវិញប្រហែលជាសមត្ថភាពរបស់គេអាចឡើងកាន់តែខ្លាំងជាងមុន ដូច្នេះយប់នេះពេជ្រ សម្បត្តិនឹងត្រូវជួបថ្នាំខ្លាំងហើយ។តែទោះជាយ៉ាងណា សង្ឃឹមថា ក្របីព្រៃពេជ្រ សម្បត្តិ មិនធ្វើឱ្យមហាជនដែលស្នេហាវិស័យកីឡាគុនខ្មែរអស់សង្ឃឹមឡើយ នាយប់នេះ។

 

គួរជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ជាមួយក្បាច់គុនកុងហ៊្វូរបស់ចិន នារាត្រីនេះអាចប្រព្រឹត្តទៅបានដោយមានកិច្ចសហការយ៉ាងជិតស្និតរវាងស្ថានីយ៍ទូរទស្សន៍ថោន និងGanzberg Beer តែងតែនាំមកជូននូវព្រឹត្តិការណ៍កីឡាគុនខ្មែរថ្មី និងប្លែកៗ ដែលមិនធ្លាប់មានពីមុនមក ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាគុនខ្មែររបស់យើងឱ្យឡើងដល់កម្រិតកំពូល។កម្មវិធីប្រកួតនារាត្រីនេះ នឹងចាប់ផ្តើមពីម៉ោង ៨យប់តទៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ទីតាំងនៅក្នុងដីឡូតិ៍មួយកន្លែង ក្បែរវត្តស្ងួនពេជ្រ។ជាមួយគ្នានេះ ក៏មានការ  ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN Sports និងBEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២