ក្រសួងធនធានទឹក និងឧតុនិយមមានគម្រោងសាងសង់អាងស្តុកទឹក នៅស្ទឹងក្រញូង ដែលអាចស្តុកទឹកបានចំនួន៥០០លានម៉ែត្រត្រីគុណ និងអាចស្រោចស្រពលើផ្ទៃដីរហូតដល់ ១៥០ ០០០ហិកតា

ក្រសួងធនធានទឹក និងឧតុនិយមមានគម្រោងសាងសង់ទំនប់អាងស្តុកទឹក ដែលមានទីតាំងស្ថិតនៅស្ទឹងក្រញូង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ការសាងសង់អាងស្តុកទឹកនៅស្ទឹងក្រញូងនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រត្រីគុណ និងអាចស្រោចស្រពលើផ្ទៃដីរហូតដល់ ១៥០ ០០០ហិកតា។

នៅអំឡុងពេល ដឹកនាំអ្នកជំនាញបច្ចេកទេសចុះទៅពិនិត្យផ្ទៀងផ្ទាត់លើទីតាំងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៅស្រុកសំឡូត ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា ក្រោយពេលសាងសង់រួច  អាងទឹកស្ទឹងក្រញូងនេះអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រត្រីគុណ ដែលធានាដល់ការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់សំឡូត រតនមណ្ឌល និងប៉ៃលិន បានរាប់ម៉ឺនហិកតា របស់បងប្អូនជាច្រើនម៉ឺនគ្រួសារ និងជួយផ្គត់ផ្គង់ទឹកបន្ថែមដល់ទំនប់អាងសេកសក តំបន់កង្ហត មោងឬស្សី ព្រែកជីក គាស់ក្រឡ សាលាតាអន ឯកភ្នំ អន្លង់វិល សង្កែ និងជាពិសេសបង្កើនបានជាអតិបរិមានូវបរិមាណទឹកដ៏ច្រើនបំផុតឱ្យតំបន់អាងទឹកកំពីងពួយ។

ឯកឧត្តម ចាន់ ស៊ីណាត បានលើកឡើងបន្តទៀតថា ប្រព័ន្ធអាងទឹកក្រញូងមានទំនាក់ទំនងយ៉ាងសកម្មជាមួយនឹងប្រភពទឹកផ្សេងៗទៀតមកពីតំបន់ប៉ៃលិនគឺប្រព័ន្ធអាងទឹក និងជ្រោះដ៏ជ្រៅអូរស្លេវដែលអាចជួយសង្គ្រោះផ្ទៃដីដាំដុះ និងបម្រើបម្រាស់ឱ្យគ្រប់វិស័យទាំងអស់បានជាច្រើនម៉ឺនហិកតាបន្ថែមទៀតដល់តំបន់អូរដូនតារបស់ខេត្តប៉ៃលិន តំបន់សំឡូត តំបន់អូរម៉ាល់ តំបន់បាណន់របស់ខេត្តបាត់ដំបង និងតំបន់ព្រៃខ្ពស់ តំបន់អូរស្ងួត តំបន់អូរចារ និងតំបន់អូសឿររបស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។ ក្រោយពេលសាងសង់ធ្វើទំនើបកម្មវិស្វកម្មរួចទំនប់អាងទឹកអូរស្លេវ ដែលស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានសមត្ថភាពស្តុកទឹកបាន ១៥០លានម៉ែត្រត្រីគុណ។

នៅពេលសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់នេះបានរួចរាល់ ពេលនោះផ្ទៃដីស្រោចស្រពនឹងកើនឡើងដល់ ១៥០ ០០០ហិកតា សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ហើយបងប្អូនប្រជាកសិករនឹងសប្បាយរីករាយ ដោយសារការផលិត ឬការប្រកបរបរកសិកម្មរបស់ពួកគាត់បាន២ ឬ៣ ដងក្នុងមួយឆ្នាំ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២