អាណិតណាស់លោកអើយ! រៀនជិតចប់មហាវិទ្យាល័យទៅហើយ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ​លើស្ពានអាកាស៧មករា ស្លាប់ព្រឹកម៉ិញ​ទៅវិញ

យុវជនម្នាក់ជានិស្សិតឆ្នាំទី៤ រៀនផ្នែកប្រវត្តិសាស្រ្តបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ខណៈពេលជិះម៉ូតូឡើងស្ពានអាកាស៧មករា បានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពានអាកាស៧មករា។

សពយុវជនរងគ្រោះមានឈ្មោះ ទុង សុខឿន ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកប្រវត្តិសាស្រ្ត រស់នៅខេត្តតាកែវ។បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះ បានជិះម៉ូតូម៉ាហុងដាឌ្រីមសង់សេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CJ-2096 ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ឡើងស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចមកកើត។ ខណៈពេលជិះឡើង មកដល់ពាក់កណ្ដាលស្ពាន ក៏បានរេចង្កូតទៅខាងស្ដាំដៃបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ចំណែកឯមួកជនរងគ្រោះវិញ បានធ្លាក់ពីលើស្ពានទៅក្រោម។

ក្រោយមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដែលបានឃើញហេតុការណ៍ខាងលើនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់១ឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួច ក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២