ពិតជាប្លែកមែនទែន! ពេជ្រ ម៉ាណែត ប៉ះ អេលីត ប៊ុនទិត្យ ម្សិលម៉ិញឡើងកក្រើកសង្វៀន ធ្វើឲ្យអាជ្ញាកណ្ដាលលោកម៉ាក់ សាមឿន ប្រកាសផ្តល់លុយលើកទឹកចិត្តដល់កីឡាករទាំងពីររូប

ភ្នំពេញ៖ ជំនួបដ៏មហាកក្រើកសង្វៀន Mas fight កាលពីម្សិលម៉ិញនេះ បានធ្វើឲ្យលោកអាជ្ញាកណ្ដាលដ៏ល្បីឈ្មោះម៉ាក់ សាមឿន ដកលុយពីហោប៉ៅខ្លួនឯងដើម្បីលើកទឹកចិត្តដល់កីឡាករទាំងពីររូបដោយសារតែការប្រកួតរបស់ពួកគេនៅលើសង្វៀនវាយល្អខ្លាំងពេក ។

អាចនិយាយបានថា នេះគឺជារឿងដ៏ប្លែក និងកម្រមួយ ដែលគេពុំធ្លាប់ជួបប្រទះនាពេលកន្លងមកសម្រាប់គុនខ្មែរ ក្នុងការប្រកួតមួយទឹក ៩ នាទី រវាងពេជ្រ ម៉ាណែត និងអេលីត ប៊ុនទិត្យ រយៈពេល៩នាទីពេញបានធ្វើឲ្យអ្នកគាំទ្រអង្គុយមិនសុខ នាំគ្នាក្រោកចេញពីកៅអីស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពងពេញសង្វៀនផ្ទាល់តែម្ដង។

ការប្រកួតមួយនេះ បានទាក់ទាញអ្នកទស្សនាតាមរយៈការឡាយច្រើន ហើយក៏មានអ្នកខំមិនពេញចិត្តសមត្ថភាពរបស់ថ្នាលយុវជនគុនខ្មែរទាំងពីររូបនេះជាខ្លាំង ដោយអ្នកគាំទ្រភាគច្រើនបាននិយាយថា ពួកគេវាយបានល្អដូចជាកីឡាករជើងចាស់អាជីពរាប់ឆ្នាំអ៊ីចឹង។

កីឡាករទាំងពីរបានសម្រុកវាយគ្នាទៅវិញ ទៅមក ប្ដូរកែង កណ្តាប់ដៃគ្នាធ្វើឱ្យបែករាងៗខ្លួន។ កីឡាករទាំងពីររូបនេះបានប្រើប្រាស់ទាំងជង្គង់ កណ្តាប់ ជាពិសេសគឺផ្លែកែងបុកគ្នាចំពេញទំហឹង ហាក់បីដូចជាមិនមានការថមថយកម្លាំងឡើយ។

ការប្រកួតបញ្ចប់ ៩ នាទីពេញធ្វើឲ្យលទ្ធផលបានត្រឹមស្មើគ្នា ដោយច្បាប់ម៉ាហ្វៃអ្នកដែលអាចយកឈ្នះគូប្រកួតបាន ដោយការផ្ដួលដៃគូឱ្យសន្លប់ ឬបោះបង់ការប្រកួត។ប្រសិនបើមិនមានអ្នកណាសន្លប់ ឬបោះបង់ការប្រកួតទេនោះ លទ្ធផលគឺស្មើគ្នា។

បើទោះបីជាលទ្ធផលស្មើគ្នាយ៉ាងណាក្តី ប៉ុន្តែដោយសារការប្រកួតជក់ចិត្តខ្លាំងពេក រហូតធ្វើឲ្យលោកអាជ្ញាកណ្ដាលដ៏ល្បីឈ្មោះនៅលើសង្វៀនប្រដាល់គុនខ្មែរលោកម៉ាក់ សាមឿន បានប្រកាសថា សូមដកលុយដែលខ្លួនធ្វើអាជ្ញាកណ្ដាលនៅក្នុងការប្រកួតថ្ងៃនោះទាំងអស់ជូនទៅកាន់កីឡាករទាំងពីរជាការលើកទឹកចិត្ត ដោយលោកមើលឃើញថានេះគឺជាគំរូដ៏ល្អមួយ ហើយក៏មើលឃើញនូវការខិតខំប្រឹងប្រែងតស៊ូរបស់កីឡាករទាំងពីរ ជាពិសេសទឹកចិត្តមោះមុតនៅក្នុងការប្រកួតវាយមិនរាថយ ទោះបីជាខ្លួនមិនមានបទពិសោធន៍នៅលើសង្វៀនច្រើនក្តី ។

លោកអាជ្ញាកណ្ដាលម៉ាក់ សាមឿនបានប្រាប់សារព័ត៌មានថោនឲ្យដឹងថា ដោយសារតែលោកគិតថាកីឡា្រករទាំងពីររូបនេះគឺជាគ្រាប់ពេជ្រគុនខ្មែរនៅថ្ងៃខាងមុខ។ចំណុចទីមួយដោយសារពួកគេទាំងពីរនាក់មានអាវុធសម្លាប់គឺការប្រើប្រាស់ផ្លែកែងដូចគ្នា ,ទី 2 ពួកគេទាំងពីរនាក់ជាកីឡាករវ័យក្មេង ប៉ុន្តែស៊ូមែនទែន ទោះបីជាបែកមុខបែកមាត់ខ្ទេចខ្ទីអស់ក៏ពិតមែន ប៉ុន្តែមិនបោះបង់ការប្រកួតនៅវាយរហូតដល់បញ្ចប់នាទី។

សូមជម្រាបផងដែរថា លោកម៉ាក់ សាមឿនគឺជាអាជ្ញាកណ្ដាលគុនខ្មែរដ៏លេចធ្លោមួយរូប ដែលលោកធ្លាប់កាត់សេចក្តីនៅលើសង្វៀនធំៗជាច្រើនមកហើយ ជាពិសេសសង្វៀនក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជានិច្ចកាលលោកតែងតែសម្របសម្រួលនៅក្នុងជំនួបការប្រកួតធំៗជាពិសេសគូប្រកួតលក្ខណៈអន្តរជាតិ និងគូឯកផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២