សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​វា.យ​ប្.រហារ​គោល​ដៅ​ក្រុម Houthi ចំនួន៨ទីតាំង ជាការឆ្លើយតបការ​វា.យ​ប្រ.ហាររបស់ក្រុមនេះ ទៅ​លើ​ការ​ដឹក​ជញ្ជូន​នៅ​សមុទ្រ​ក្រហម

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារជាថ្មីលើគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន ខណៈដែលក្រុមប្រដាប់អាវុធដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ នៅតែបន្តកំណត់គោលដៅវាយប្រហារទៅលើនាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។ ក្រុម Houthis ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានធ្វើការវាយប្រហារលើនាវារាប់សិបគ្រឿងនៅក្នុងផ្លូវទឹកដ៏សំខាន់ចាប់តាំងពីខែវិច្ឆិកាចុងឆ្នាំមុន ដោយរំខានដល់ពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិ និងបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោក។


កាលពីថ្ងៃច័ន្ទ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការវាយប្រហារចំនួនប្រាំបីដង ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ដោយផ្តោតលើទីតាំងក្រោមដីរបស់ Houthi ក៏ដូចជាសមត្ថភាពមីស៊ីលរបស់ក្រុមនេះ។ សេចក្តីថ្លែងការណ៍រួមបាននិយាយថា ការវាយប្រហារដ៏ជាក់លាក់ទាំងនេះគឺមានបំណងបង្អាក់ និងធ្វើឱ្យខូចសមត្ថភាពដែលក្រុម Houthis ប្រើដើម្បីគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងអាយុជីវិតរបស់ទាហានជើងទឹកស្លូតត្រង់។

ក្រុម Houthis បាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងតំបន់ Gaza និងដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីន។ ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារជាង 30 ដងលើការដឹកជញ្ជូនអន្តរជាតិចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក ។នេះបើយោងតាមក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស។ហើយថា ការវាយប្រហារលើទីតាំង Houthi គឺដើម្បីឲ្យក្រុមនេះ ទទួលខុសត្រូវចំពោះការវាយប្រហារខុសច្បាប់ និងអយុត្តិធម៌របស់ពួកគេលើនាវាសមុទ្រ និងការដឹកជញ្ជូនពាណិជ្ជកម្ម ក៏ដូចជា កាត់បន្ថយភាពតានតឹង និងស្តារស្ថិរភាពនៅក្នុងសមុទ្រក្រហមឡើងវិញ។ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម Houthis បាន​អះអាង​ថា ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ជោគជ័យ​លើ​កប៉ាល់​ដឹកទំនិញ​យោធា​អាមេរិក Ocean Jazz នៅ​ឈូង​សមុទ្រ Aden។

រហូតមកដល់ពេលនេះ សកម្មភាព Houthi ត្រូវបានប្រមូលផ្តុំនៅក្នុងច្រកតូចចង្អៀត Bab el-Mandeb ដែលតភ្ជាប់ឈូងសមុទ្រ Aden ទៅសមុទ្រក្រហម។ នាវាប្រហែល 50 គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រជារៀងរាល់ថ្ងៃ ដោយធ្វើដំណើរទៅ និងមកពីប្រឡាយ Suez ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសមុទ្រពិភពលោក៕

 

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២