សត្វកន្ទាយក្បាលកង្កែបដ៏កម្រមួយក្បាល ត្រូវបានគេប្រទះឃើញងាប់ដោយជាប់ផ្លែសន្ទួចអ្នកនេសាទកាលពីម្សិលម៉ិញ

សត្វកន្ទាយក្បាលកង្កែបមួយក្បាលមានវ័យជំទង់ ភេទញី មានទម្ងន់២៦គីឡូក្រាម មានពងនៅក្នុងពោះ ត្រូវបានគេប្រទះឃើញងាប់កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះងាប់ដោយសារជាប់សន្ទូចរនងរបស់អ្នកនេសាទ ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។ ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបណាស់ដោយខ្លួនសត្វកន្ធាយមានលក្ខណៈទន់។​

សត្វកន្ធាយក្បាលកង្កែបនេះត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជទៅហើយ ដែលទាមទារឱ្យធ្វើការអភិរក្ស ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះការចាប់ និងជួញដូរជាអំពើរខុសច្បាប់។

រដ្ឋបាលជលផល និងអង្គការ WCS បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាសត្វប្រភេទនេះឱ្យបាននៅគង់វង្ស និងចៀសវាងការចាប់ និងជួញដូរខុសច្បាប់ បើពុំនោះទេនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២