មន្ទីរពេទ្យតេជោសែនកោះធំ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបនឹងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់នៅដើមខែមីនាខាងមុខនេះ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Dan Sellers ពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ(The Association of the Church of Jesus Christ of Latter-day Saints)នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម និងពិសេសម្រាប់អ្នកស្រុកកោះធំ។

មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System(HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២