រយៈពេលជាង៤ខែ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមានអ្នកចូលរួមដោយផ្ទាល់រហូតដល់ជាង៤លាននាក់

គិតចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ យុទ្ធនាការនេះមានអ្នកចូលរួម ដោយផ្ទាល់សរុបចំនួនជាង៤លាន៣សែននាក់ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីប្រកាស និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងថាពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋបានចូលរួមនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គឺមានមានចំនួនកើនឡើង រហូតមកដល់ពេលនេះ សរុបជាង៤,៣លាននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី និងខេត្តទាំងអស់ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានយកចិត្តទុកដាក់ចូលរួម និងជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានផុសផុល និងបានសំណូមពរឱ្យមានការខិតខំបន្ថែមទៀត ពង្រឹងការអនុវត្តយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាអាទិភាព ៥+១ របស់រាជរដ្ឋា- ភិបាល។ ក្នុងនោះ ត្រូវជំរុញការអនុវត្តលក្ខណៈសម្បត្តិ ទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ ព្រមទាំងជំរុញបណ្តាអាទិភាពនៃយុទ្ធ- សាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្ដោតជាពិសេសលើ យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បី បណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត គំនិត ជួយដល់កម្ពុជាស្អាត បានយូរអង្វែងតទៅ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីសកម្មភាព និងការចូលរួម ចេញពីបេះដូងរបស់សិស្សានុសិស្ស នាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលមានមុំ៣សំខាន់ គឺស្អាត បៃតង និងចីរភាព ជាពិសេសយុទ្ធសាស្រ្តមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ដែលជាផ្ទះយើងទាំងអស់គ្នាស្អាត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា «ផ្ទះយើងស្អាត យើងអាចទាក់ទាញបានទេសចរ និងអ្នកវិនិយោគ បានកាន់តែច្រើនថែមទៀតមកកម្ពុជា»។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា យុទ្ធនាការក្រោមប្រធាន«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» នេះគឺជាជំហានទី១ ហើយជំហានទី២ គឺការសំអាតបរិស្ថាន និងមានជំហានទី៣ បន្តបន្ទាប់ទៀត គឺដែលការដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជា ឱ្យស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២