សន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ គឺបានរៀបចំក្នុងកាល:ទេស:នៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំសន្និបាតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងឆ្នាំនេះ គឺស្ថិតក្នុងកាលៈទេសៈដ៏ពិសេសនៃការតភ្ជាប់នូវសកម្មភាពការងារកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអាជ្ញាធររាជធានីខេត្ត ព្រមទាំងមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សរុបចំនួន៦២០នាក់។ ក្នុងសន្និបាតរយៈពេល ០២ថ្ងៃនេះ មានបទអន្តរាគមន៍សរុបចំនួន ៩ ដែលបង្ហាញពី គន្លឹះ និងការងារពាក់ព័ន្ធរបស់ក្រសួងចំពោះគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ព្រមទាំង វឌ្ឍនភាពការងារ បញ្ហាបឈម សំណូមពរ និងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានបេតិកភណ្ឌ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អាជ្ញាធរជាតិព្រះវិហារ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ។

ក្នុងពិធីនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានផ្តល់កិត្តិយសបំពាក់មេដាយការងារជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលស្នាដៃល្អក្នុងការបំពេញការងារក្នុងឆ្នាំ២០២៣ សរុប ចំនួន១២០រូបផងដែរ៕

      
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២