ជាប់ចិត្តជាមួយកម្ពុជា នាវាទេសចរណ៍ខ្នាតយក្ស WesterDam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀត នាព្រឹកម៉ិញនេះ

នាវាទេសចរណ៍ខ្នាតយក្ស WesterDam ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀត នាវេលាម៉ោង០៧ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ។

នេះជាការចូលចតលើកទី៣ បន្ទាប់ពីការចូលចតលើកទី១ នៅកំឡុងពេលដែលជំងឺកូវីដ-១៩ចូលរាតត្បាត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ និងលើកទី២ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលបានដឹកភ្ញៀវទេសចរចម្រុះជាតិចូលចត និងដើរទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នាវាទេសចរណ៍ខ្នាតយក្ស WesterDamនេះ មានបណ្តោយប្រវែង ២៨៥.២២ ម៉ែត្រ, ទទឹងប្រវែង ៣២.២៥ ម៉ែត្រ, ជម្រៅទឹក ៨,០០ ម៉ែត្រ។មុនពេលចូលមកចតលើកទី៣ នៅព្រះរាជាណាចក្រកម្ពុជានេះ នាវាទេសចរណ៍ខ្នាតយក្ស WesterDam​ មកពីប្រទេសវៀតណាម ដោយបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ១.៨៧៤នាក់ ក្នុងនោះស្រីចំនួន ៩៨៦នាក់, មាន៤៣សញ្ជាតិ និងនាវឹកចំនួន ៧៧៦នាក់ ក្នុងនោះស្រីចំនួន១២៨នាក់,មាន៣៧សញ្ជាតិផងដែរ។

បន្ទាប់ពីចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេលមួយថ្ងៃនាវាទេសចរណ៍ខ្នាតយក្ស WesterDam សញ្ជាតិអាមេរិកមួយនេះនឹងចាកចេញទៅវិញ នាវេលាម៉ោង២១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីបន្តដំណើរទៅកាន់ប្រទេសថៃ៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២