អ៊ីស្រាអែលបើកការវាយប្រហារលើមជ្ឈមណ្ឌលអប់រំ UNRWA នៅតំបន់ GAZA បណ្តាលឱ្យស្លាប់ និងរងរបួសជាច្រើននាក់

យោធាអ៊ីស្រាអែលបានកំណត់គោលដៅលើមជ្ឈមណ្ឌលអប់រំមួយ ដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅក្នុងទីក្រុង Khan Yunis ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលជនស៊ីវិលជាងមួយម៉ឺននាក់បានស្វែងរកកន្លែងភៀសខ្លួន បណ្តាលឱ្យមនុស្ស 9 នាក់ស្លាប់។

   

លោក Thomas White នាយក UNRWA ប្រចាំតំបន់ Gaza បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មជ្ឈមណ្ឌលអប់រំ ដែលជាកន្លែងជនភៀសខ្លួនប៉ាឡេស្ទីនជាងមួយម៉ឺននាក់បានជ្រកកោនត្រូវបានវាយប្រហារ។ White បានរៀបរាប់ថា “ជម្លោះកំពុងកើនឡើងនៅក្នុង Khan Yunis, Gaza ។ មជ្ឈមណ្ឌលអប់រំ ដែលជនភៀសខ្លួនជាងមួយម៉ឺននាក់ស្វែងរកកន្លែងជ្រកកោន ទើបតែត្រូវបានវាយប្រហារ ហើយអគ្គីភ័យបានឆាបឆេះអគារនានា។ មានការខាតបង់យ៉ាងខ្លាំង។ ច្រកចូល និងចេញទៅកាន់ មជ្ឈមណ្ឌល​អប់រំ​ត្រូវ​បាន​បិទ​អស់​រយៈពេល​២​ថ្ងៃ ហើយ​មនុស្ស​ត្រូវ​បាន​ជាប់នៅទីនោះ​»។

គួរកត់សម្គាល់ផងដែរថា សេចក្តីថ្លែងការណ៍របស់ White មិនបានបញ្ជាក់ថា អ្នកណាជាអ្នកធ្វើការវាយប្រហារនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ទីពីររបស់គាត់ នាយក UNRWA Gaza White បានបង្ហាញថា មជ្ឈមណ្ឌលអប់រំ UNRWA គឺជាគោលដៅនៃការវាយប្រហារដោយរថក្រោះ ដែលបណ្តាលឱ្យមនុស្ស 9 នាក់ស្លាប់ និង 75 នាក់ផ្សេងទៀតរងរបួស។ ជាមួយគ្នានេះដែរ រូបភាពដែលបង្ហាញពីព្រឹត្តិការណ៍នៅមជ្ឈមណ្ឌលបន្ទាប់ពីការវាយប្រហារត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២