ទំនប់វារីអគ្គីសនីពហុបំណងសេកសក ដែលគេហៅថាសមុទ្រទឹកសាបនោះ មានទេសភាពទាក់ទាញខ្លាំង

ទំនប់វារីអគ្គិសនីពហុបំណងសេកសក ដែលភ្ញៀវទេសចរបានផ្តល់រហ័សនាមថា ជាសមុទ្រទឹកសាបនោះ ឥឡូវនេះបាន និងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរមួយនៅក្នុងស្រុករតនៈមណ្ឌល ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះមានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបងថែមទៀត។

ទំនប់វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណជា៥២គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រូញ៉ូង ដែលបានលាតសន្ធឹង ដោយបានតភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងស្តុបទឹក និងមានសមត្ថភាពអាចស្តុកទឹកបានរហូតដល់ទៅ ២៨៦លានម៉ែត្រគូបទឹក ដែលស្តុកទឹកទុក និងទម្លាក់ទៅតាមដងស្ទឹងសង្កែ រួចបន្ត ចែកចាយតាម ប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៍ធំល្វឹងល្វើយនៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។

លើសពីនេះទៅទៀត បច្ចុប្បន្នទំនប់វារីអគ្គីសនីនេះ បានក្លាយជាទីតាំងសម្រាប់ភ្ញៀវទេសចរទៅសម្រាកលម្ហែកាយ ដោយពួកគេអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ និងនេសាទជាដើម៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២