ដឹងតែកក្រើកទៀតហើយបងប្អូន! ជំនួបប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវ៉ាត់ IPCC នៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិសនឹងរៀបចំធ្វើនៅខាងត្បូងរាជធានីភ្នំពេញម្តង នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកភ្នំពេញត្រៀមបំពង់កស្រែកហ៊ោរឲ្យកងរំពងទៅ ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ធ្វើឡើងនៅរាជធានីភ្នំពេញទីតាំងនៅព្រៃសលែន(ក្រោន )នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។

ជំនួបនៃការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្តដែលបានជម្រុះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមានកីឡាករជើងខ្លាំងជាច្រើនរូបបានប្រកួតដណ្ដើមពិន្ទុដើម្បីត្រៀមទៅប្រជែងយកខ្សែក្រវ៉ាត់ពិភពលោកដ៏ធំ ឥឡូវនេះរកឃើញជើងខ្លាំងទាំងបួនរូបហើយ ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នាថាតើកីឡាករជើងខ្លាំងរូបណានឹងបានឡើងទៅប្រជែងយកខ្សែក្រវ៉ាត់ពីស្ថាប័នដ៏ធំ IPCC ពិភពលោក ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ។

ជំនួបនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺជាការជួបគ្នារវាងកីឡាករកាន់ ម៉េងហុង នឹងជួបប្រកួតជាមួយជើងខ្លាំងធន់ ស៊ីហុង, ហើយអ្នកលេងកណ្ដាប់ដៃពិឃាដហុង សុវណ្ណចាន់សុធី ត្រូវជួបប្រកួតជាមួយជើងខ្លាំងស្បែកតាន់ហ៊ឹម គឹមរៀង។កីឡាករទាំងបួនរូបនេះសុទ្ធសឹងតែជាជើងខ្លាំង អ្នកប្រយុទ្ធលំដាប់ដែលបានឈានជើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ដូច្នេះជំនួបនេះជឿជាក់ថា នឹងមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះកីឡាករទាំង ៤ រូបបានប្ដេជ្ញាចិត្តរៀងៗខ្លួនថា នឹងបញ្ចេញគ្រប់អាវុធទាំងអស់ ព្រោះពួកគេបានរង់ចាំឱកាសឡើងមកដល់វគ្គនេះជាយូរហើយ។ទម្រាំតែបានឡើងមកដល់វគ្គនេះ ពួកគេបានផ្តួលដៃគូប្រកួតរាប់មិនអស់រួចមកហើយ។

 ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងព្រៃសលែន(ក្រោន)រាជធានីភ្នំពេញ ចាប់ពីម៉ោង៧យប់តទៅ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង WURKZ ផងដែរ៕

      

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២