យប់ម៉ិញអគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់១៤ខ្នង នៅខណ្ឌដូនពេញ

ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង នៅជាន់ទី២ ស្ថិតនៅលើកំណាត់វិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញត្រូវបាន អគ្គិភ័យឆាបឆេះអស់គ្មានសល់ កាលពីវេលាម៉ោង ៧ និង៣៥នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុ បន្ទាប់មកក៏មានអណ្តាតភ្លើងឆាប់ឆេះចេញមកក្រៅ ដោយឃើញមិនស្រួល អ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ក្រោយទទួលបានដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

សូមបញ្ជាក់ផងដែរថា ករណីគ្រោះអគ្គិភ័យនេះ មុនដំបូងឆេះផ្ទះពលរដ្ឋ១ខ្នង នៅជាន់ទី២ ទំហំ៨ម៉ែត្រ x ៨ម៉ែត្រ និងបានរាលដាលដល់ផ្ទះចំនួន ១៣ខ្នងទៀត បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែមិនបានបង្កឱ្យប៉ះពាល់ដល់ជីវិតមនុស្សឡើយ។

ដើម្បីគ្រប់គ្រងករណីអគ្គិភ័យនេះ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៦៦រថយន្ត ស្មើនឹង ២៦៤ម៉ែត្រគូប និងបានពន្លត់ចប់នៅវេលាម៉ោង ២១ និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល។ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

     

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២