ចាំមើលៗជើងថ្មីគុនខ្មែរ ពេជ្រ អាទិទេព អាចរក្សាកំណត់ត្រាឈ្នះបន្តទៀតទេ ក្នុងជំនួបប្រកួតជាមួយជើងខ្លាំងមកពីបរទេស នាចុងសប្តាហ៍នេះ!

ភ្នំពេញ៖ល្អអីល្អយ៉ាងនេះ មួយរយៈចុងក្រោយនេះ អ្នកលេងជើងថ្មីគុននខ្មែរពេជ្រ អាទិទេពវាយមិនដែលចាញ់ទាល់តែសោះ រហូតធ្វើឲ្យអ្នកផ្គូរផ្គង គូប្រកួតប្រដាល់គុនខ្មែរនៅស្ថានីយទូរទស្សន៍ថោន ដាក់ឲ្យប៉ះជាមួយជើងខ្លាំងមកពីបរទេសតែម្ដង។ចង់ដឹងទេថាតើកីឡាកររូបនេះ នៅតែរក្សាកំណត់ត្រាឈ្នះទៀតឬយ៉ាងណា?រង់ចាំទស្សនាព្រឹត្តិការណ៍ប្រកួតគូដ៏ជក់ចិត្តនេះទាំងអស់គ្នា។

នៅចុងសប្តាហ៍នេះ កីឡាករពេជ្រ អាទិទេព នឹងត្រូវជួបប្រកួតជាមួយអ្នកលេងកម្លាំងបាយមកពីប្រទេស AZERBAIJAN ដោយសារតែឃើញការប្រកួតរយៈចុងក្រោយរបស់រូបគេល្អខ្លាំងពេក។

 

សូមជម្រាបផងដែរថា កីឡាករគុនខ្មែរ ពេជ្រ អាទិទេព ធ្លាប់ប្រកួតបានចំនួន១៦ប្រកួតរួចមកហើយ  ហើយក៏មិនទាន់មានកីឡាកររូបណាអាចបំបែកកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់របស់គេបាននៅឡើយទេ។ នៅក្នុងការប្រកួតនៅលើសង្វៀននាពេលកន្លងមក រូបគេបានផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតរហូតដល់៨ដងក្នុងចំណោម ១៦ ប្រកួត ក្រៅពីនោះរូបគេយកឈ្នះដោយពិន្ទុទាំងអស់។

ពេជ្រ អាទិទេព ធ្លាប់ចាប់ចិត្តជាមួយការងារទេសចរណ៍ មុនចូលប្រលូកគុនខ្មែរ គេធ្លាប់មានបំណងចង់ក្លាយជាមគ្គទេ្ទសក៍ទេសចរណ៍ម្នាក់កាលពីខ្លួននៅកំពុងសិក្សា មូលហេតុដែលរូបគេចង់ចាប់យកមុខរបរមួយនេះ ក៏ព្រោះតែគេចង់មានសេរីភាពក្នុងការដើរហើរ និងផ្សព្វផ្សាយតំបន់រមណីយដ្ឋាននានាក្នុងស្រុកខ្មែរទៅឱ្យភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជាបានស្គាល់។កូនសិស្សលោកគ្រូកម្លាំងបាយ ពេជ្រ សុផាន់ រូបនេះ បានឱ្យដឹងថា ការចូលប្រលូកក្នុងវិស័យគុនខ្មែរនេះ ក៏ជាបំណងរបស់គេតាំងពីតូចមកដែរ ហើយរូបគេបានតាំងចិត្តយ៉ាងមុតមាំថា នឹងបង្កើនកេរ្តិ៍ឈ្មោះ ចង់គ្រងខ្សែក្រវាត់ និងជោគជ័យដូចកីឡាករលំដាប់ប្រទេស នាពេលបច្ចុប្បន្ននេះដែរ។

បច្ចុប្បន្ន ពេជ្រ អាទិទេព ជាកីឡករដែលកំពុងរក្សាបាននូវកំណត់ត្រាល្អក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម បើទោះបីជារូបគេទើបតែបានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ នាពេលថ្មីៗនេះក៏ពិតមែន ប៉ុន្តែរូបគេកំពុងតែទាញបានការចាប់អារម្មណ៍ពីអ្នកតាមដានកីឡាគុនខ្មែរយ៉ាងច្រើន។

 

ជាមួយគ្នានេះដែរ កីឡាករជើងថ្មីរូបនេះបានអះអាងថា អ្នកដែលចូលហ្វឹកហាត់ប្រដាល់ដំបូងៗភាគច្រើនរត់ចោលក្លឹប ប៉ុន្តែសម្រាប់រូបគេគឺតាំងចិត្តថានៅដើរក្នុងវិស័យនេះជានិច្ច ព្រោះតែការតស៊ូមកក៏ច្រើនហើយដែរ ហើយក៏មានចិត្តចង់ខ្លាំង និងល្បីល្បាញដូចកីឡាករក្នុងចិត្តរបស់គេ គឺធឿន ធារ៉ា និងពេជ្រ សម្បត្តិ។

បើក្រឡេកមកមើលគូប្រកួតរបស់អាទិទេពនៅក្នុងសប្តាហ៍នេះវិញ ជាកីឡាករមកពីប្រទេសAZERBAIJAN ដែលមានឈ្មោះថា អ៊ូចា ការីម៉ូវ (UJAR KARRIMOV) អាយុ ៣១ ឆ្នាំ ,កម្ពស់ ១ ម៉ែត្រ៧០,ទម្ងន់ 57 គីឡូក្រាមធ្លាប់ប្រកួតបានចំនួន ១២ ដង ឈ្នះ ៩ ដង ចាញ់៣ដង និងធ្លាប់បានផ្តួលគូប្រកួតឲ្យសន្លប់ចំនួន៣ដង។

 

ពេជ្រ អាទិទេពនឹងត្រូវជួបប្តូរកណ្តាប់ដៃជាមួយ អ៊ូចា ការីម៉ូវ (UJAR KARRIMOV) នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង៣រសៀលតទៅ ក្នុងការប្រកួតបែបគុនខ្មែរ៣ទឹក ១ទឹក ៣នាទី លើសង្វៀន Mas Fight របស់ស្ថានីយ៍ទូរទស្សន៍ថោន៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២