ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ ការអភិវឌ្ឍន៍វិស័យបាល់ទាត់ របស់ FFC និង FIFA គឺការយកចិត្តទុកដាក់កម្មវិធីបាល់ទាត់តាមសាលារៀន

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា កម្មវិធីបាល់ទាត់តាមសាលារៀនបញ្ជាក់ពីការយកចិត្តទុកដាក់របស់ FIFA និង FFC ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា តាមរយៈកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន (FIFA Football for Schools)បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់ថ្នាលឲ្យរីកចម្រើនមួយកម្រិតថែមទៀត ។

ការថ្លែងបែបនេះ នៅពិធីប្រគល់បាល់ជូនមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្តទាំង ២៥ នៃកម្មវិធីបាល់ទាត់តាមសាលារៀន (FIFA Football for Schools) នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ ស្ថិតនៅស្រុកបាទីខេត្តតាកែវ នាចុងខែមករា ឆ្នាំ2024 ថ្មីៗនេះ ។

សូមជម្រាបផងដែរថា FIFA តែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍បាល់ទាត់គ្រប់កម្រិត ដោយក្នុងនោះ រួមមានផ្នែកបច្ចេកទេស ការឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ផ្នែកកិច្ចការងាររដ្ឋបាល វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាផ្នែកមួយ ក្នុងការបំផុសបំផុលវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការប្រកួតប្រជែងពានរង្វាន់បាល់ទាត់នៅក្នុងឆាកអន្តរជាតិ ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្លាប់បានប្រារព្ធកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កន្លងមក នៅលើទឹកដីខេត្តសៀមរាប ដោយមានការចូលរួមពីតំណាង FIFA ដែលជាកម្មវិធីដំបូងរបស់ FFC ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២